Monday, November 24, 2025
Homeព័ត៌មានជាតិធ្វើដំណើរតាមផ្លូវទឹកហើយ ម្នាក់ៗនាំគ្នាផឹកស្រាទៀត មិនគួរទេ...

ធ្វើដំណើរតាមផ្លូវទឹកហើយ ម្នាក់ៗនាំគ្នាផឹកស្រាទៀត មិនគួរទេ…

ខេត្តកំពង់ធំ ៖ មនុស្សក្មេងចាស់ចំនួន៥នាក់បានជិះទូកទៅមើលគេរាំធុងបាស់នៅក្នុងវត្តក្នុងពិធីកាន់បិណ្ឌ ស្រាប់តែអកុសលដោយសារមានបុរសម្នាក់ស្រវឹងស្រាជោកជាំ ជិះនៅក្បាលទូកនៅមិនស្ងៀមធ្វើឱ្យទូកឃ្លោងលិច បណ្តាលឱ្យបុរសស្រវឹងរូបនោះបាត់ខ្លួនក្នុងទឹករកមិនឃើញ ចំណែក៤នាក់ផ្សេងទៀតត្រូវបានស្រង់ឡើងមកលើគោកទាន់ពេល។

ករណីខាងលើនេះបានកើតឡើងកាលពីវេលាយប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ នៅត្រង់ចំណុចក្នុងទឹកស្ទឹងសែន ខាងលិចវត្តកំពង់ជ្វាក្នុង ស្ថិតក្នុងភូមិសាស្ត្រឃុំគោល ស្រុកប្រាសាទសំបូរ។

ចំណែកសាកសពជនរងគ្រោះ ត្រូវបានគេរកឃើញនៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ នៅត្រង់ចំណុចក្នុងទឹកស្ទឹងសែន។

បុរសរងគ្រោះដែលលិចទូកលង់ទឹកស្លាប់ មានឈ្មោះសយ សាន អាយុ៣៧ឆ្នាំ មានលំនៅក្នុងភូមិកំពង់ជ្វា ឃុំគោល ស្រុកប្រាសាទសំបូរ។

តាមសម្តីបុរសឈ្មោះវុន ឆុន អាយុ៤០ឆ្នាំ រស់នៅភូមិឃុំជាមួយជនរងគ្រោះ បានរៀបប្រាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ គាត់បានអុំទូកទៅវត្តកំពង់ជ្វាក្នុងគោលបំណងទៅកាន់បិណ្ឌ ហើយនៅក្នុងកម្មវិធីនោះមានចាក់ធុងបាស់រាំលេងកំសាន្តសប្បាយផងដែរ។ ពេលនោះគាត់ក៏បានជូបជនរងគ្រោះ ដែលមានស្ថានភាពស្រវឹងស្រាជោកជាំទៅហើយ មិនដឹងថាផឹកស្រវឹងមកពីណា មកនោះទេ។

ប្រភពបានបន្តថា បន្ទាប់មកទៀតគាត់ក៏បានជួបឈ្មោះឆៅ អូ ភេទប្រុស អាយុ២៥ឆ្នាំ និងឈ្មោះហៀង គឹមជាង ភេទប្រុសអាយុ១៥ឆ្នាំ ហើយក៏បបួលគ្នាទៅផឹកស្រាសមុខវត្តអស់ចំនួន២លីត្រ រួចក៏នាំគ្នាដើរត្រឡប់មកវិញឈរមើលអ្នករាំបានប្រហែល៣០នាទី ទើបបបួលគ្នាមកផ្ទះ ហើយគាត់ក៏ហៅកូនប្រុសឈ្មោះវុន ចាន់ត្រា អាយុ៦ឆ្នាំ មកជាមួយដែរ។

តាមប្រភពដដែលបានបន្តថា ពេលនាំគ្នាមកដល់ទូកជនរងគ្រោះបានឡើងជិះខាងក្បាលទូក ចំណែកគាត់អង្គុយនៅកន្សៃជាអ្នកអុំទូកនិងមនុស្សទៀតនាក់ទៀតជិះនៅចំកណ្តាលទូកលុះពេលអុំទូកបានប្រហែល២០ម៉ែត្រ ស្រាប់តែទូកបានផ្អៀងហើយក៏មានទឹកចូល ពេលនោះអ្នកនៅកណ្តាលទូកខំបាចទឹកចេញ លុះអុំទូកបានប្រហែលជា៦០ម៉ែត្រទៀត ស្រាប់តែជនរងគ្រោះដែលនៅក្បាលទូកស្រវឹងជោកជាំពេក នៅមិនស្ងៀម ទើបធ្វើឱ្យទូកឃ្លោងរហូតលិចចូលទឹកតែម្តង។

ប្រភពខាងលើបញ្ជាក់ថា ភ្លាមនោះគាត់បានហែលទៅចាប់កូនប្រុសយកមកដាក់លើគោគ ចំណែកអ្នកផ្សេងៗទៀតបានហែលរៀងៗខ្លូនដល់លើគោកអស់ បាត់តែជនរងគ្រោះម្នាក់ប៉ុណ្ណោះ។ ហើយភ្លាមនោះពួកគាត់បានយកទូកផ្សេងទៅជួយមុជទឹករាវរក និងប្រាប់ដល់ក្រុមគ្រួសារជនរងគ្រោះឱ្យមកជួយរកដែរ តែមិនឃើញឡើយ រហូតដល់ព្រឹកថ្ងៃទី២២ ទើបរកឃើញសពជនរងគ្រោះតែម្តង។

នៅពេលទទួលបានព័ត៌ម៌ានខាងលើភ្លាម កម្លាំងជំនាញនគរបាលស្រុក នគរបាលប៉ុស្តិ៍ឃុំគោល និងលោកគ្រូពេទ្យមណ្ឌលសុខភាព បានចុះ ដល់កន្លែងកើតហេតុ និងពិនិត្យសពរកឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន មិនជាប់ពាក់ព័ន្ធនឹងករណីបទល្មើសព្រហ្មទណ្ឌណាមួយឡើយ រួចក៏ប្រគល់សពជូនក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES