ខេត្តកំពង់ធំ ៖ បុរសវ័យចំណាស់ម្នាក់ ទើបនឹងត្រឡប់មកពីរាប់បាតនៅវត្តវិញក្នុងថ្ងៃកាន់បិណ្ឌក៏ដើររអិលជើងដួល បណ្តាលឱ្យបោកក្បាលផ្នែកខាងក្រោយបណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែង។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩ និង១០នាទីព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចផ្លូវក្រាលបេតុងចុះពីភ្នំបារាង ស្ថិតក្នុងភូមិទូលចារ ឃុំគោល ស្រុកប្រាសាទសំបូរ។

បុរសរងគ្រោះដែលដើរដួលបោកក្បាលស្លាប់ មានឈ្មោះមាស គុជ អាយុយុ៥៣ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមសម្តីបុរសឈ្មោះមេត មួន អាយុ៣៣ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ គាត់បានទៅដាក់បិណ្ឌនៅអាស្រមភ្នំបារាង ចម្ងាយពីភូមិបាក់ស្រី ប្រហែល១គីឡូ ម៉ែត្រ។

ប្រភពបានបន្តថា លុះក្រោយពីរាប់បាត និងរៀបចំចង្ហាន់ព្រះសង្ឃជាមួយអ្នកភូមិខាងលើរួចហើយ នៅវេលាម៉ោងប្រមាណ៩និង៣០នាទី គាត់ក៏បានជិះម៉ូតូត្រឡប់មកផ្ទះវិញតាមផ្លូវក្រាលបេតុងចុះពីភ្នំបារាង បានប្រហែល៨០ម៉ែត្រ ក៏ស្រាប់តែបានឃើញបុរសរងគ្រោះរអិលដួល ដោយស្រែកឱ្យជួយ ព្រមទាំងយកដៃខ្ទប់ក្បាល ហើយភ្លាមនោះគាត់ក៏បានជិះម៉ូតូទៅហៅអ្នកភូមិ ដែលមករាប់បាតមកជួយមើលឃើញគាត់ដកដង្ហើមតឹង ហើយនិយាយមិនចេញបាន១សន្ទុះបានដាច់ខ្យល់ស្លាប់ ពេលនោះគាត់ក៏បានទៅហៅបងប្អូនសាច់ញាតិ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យតែម្តង។
ក្រោយទទួលព័ត៌ម៌ានកម្លាំងជំនាញនគរបាលស្រុក និងនគរបាលប៉ុស្តិ៍ឃុំគោល បានចុះដល់កន្លែងកើតហេតុនិងពិនិត្យសាកសពរួចបញ្ជាក់ ថា ជនរងគ្រោះមានស្នាមជាំខ្មៅនៅត្រង់ក្បាលផ្អែកខាងក្រោយមានទំហំ១៥សង់ទីម៉ែត្រ។ ក្រៅពីស្លាកស្នាមខាងលើ ពុំមានឃើញមានអ្វីគួរឱ្យកត់សំគាល់ឡើយ។

តាមការស្រាវជ្រាវ ពិនិត្យវិភាគកន្លែងកើតហេតុ សមត្ថកិច្ចសន្និដ្ឋានបានថា ជនរងគ្រោះស្លាប់ដោយសាររអិលដួលដោយខ្លួនឯង ដោយមិនពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌណាមួយឡើយ។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕