ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូ១គ្រឿងចេញមកពីកន្លែងធ្វើការវិញទុកនៅមុខផ្ទះ ស្រាប់តែភ្លេចខ្លួនមួយសន្ទុះក៏ត្រូវជនសង្ស័យបន្លំយកម៉ូតូនោះទៅបាត់ ដោយបន្សល់ទុកម៉ូតូចាស់១គ្រឿងផ្សេងទៀត នៅមុខផ្ទះរបស់ជនរងគ្រោះអស់ជាច្រើនម៉ោង ទើបជនរងគ្រោះបានមកប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍។
ករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០១៩ នៅចំណុចបុរីពិភពថ្មី ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះដែលបាត់ម៉ូតូ មានឈ្មោះទូច ទិវា ភេទប្រុស អាយុ៤៦ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនឯកជន រស់នៅក្នុងបុរីពិភពថ្មី ផ្ទះលេខ០៩ ផ្លូវលេខ៣៨ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
ចំណែកម៉ូតូរបស់ជនរងគ្រោះដែលបាត់ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខភ្នំពេញ 1AT-7001 រីឯម៉ូតូមួយគ្រឿងដែលឃើញចតនៅមុខផ្ទះរបស់ជនរងគ្រោះ ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០០៨ ពាក់ស្លាកលេខភ្នំពេញ 1AJ-4932។

តាមសម្តីជនរងគ្រោះបានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គាត់បានទៅដាក់អីវ៉ាន់ឱ្យក្រុមហ៊ុនមួយកន្លែងនៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ លុះនៅវេលាម៉ោង៤រសៀលថ្ងៃដដែល គាត់បានជិះម៉ូតូមួយគ្រឿងត្រឡប់មកផ្ទះ ហើយក្រុមការងាររបស់គាត់ក៏បានបើករថយន្តដឹកអីវ៉ាន់មកផ្ទេរដាក់រថយន្តមួយគ្រឿងផ្សេងទៀតនៅផ្ទះរបស់គាត់ ស្ថិតក្នុងភូមិកើតហេតុខាងលើផងដែរ។
ប្រភពដដែលបន្តថា លុះដល់វេលាម៉ោង៦យប់ថ្ងៃដដែល ស្រាប់តែបាត់ម៉ូតូមួយគ្រឿងរបស់គាត់ ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១០ បែរជាឃើញម៉ូតូមួយគ្រឿងផ្សេងទៀតចតនៅមុខផ្ទះរបស់គាត់ ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០០៨ ទៅវិញ។

ប្រភពបានបន្តទៀតថា ភ្លាមនោះ គាត់បានទាក់ទងទៅក្រុមការងារដែលធ្វើការជាមួយគ្នាដើម្បីសួរនាំដែរ តែមិនមាននរណាម្នាក់ច្រឡំម៉ូតូនោះទេ។ បន្ទាប់ពីឃើញហេតុការណ៍បែបនេះ គាត់មិនទាន់រាយការណ៍ឬប្តឹងសមត្ថកិច្ចឡើយ ដោយនៅរង់ចាំមើលក្រែងមានគេច្រឡំម៉ូតូ តែរង់ចាំអស់រយៈពេលប្រមាណ៤ម៉ោងទៅហើយ មិនឃើញម្ចាស់ម៉ូតូខាងលើមកយកនោះទេ ទើបគាត់មកប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ភ្លាមៗផងដែរ ដើម្បីយកម៉ូតូមួយគ្រឿងដែលប្រទះឃើញខាងលើទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ សិន ក្រែងមានអ្នកច្រឡំ។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានដាក់ពាក្យបណ្តឹងដើម្បីរង់ចាំមើលក្រែងមានអ្នកច្រឡំយកម៉ូតូមកដូរវិញ៕