ខេត្តបាត់ដំបង ៖ ការដឹកទំនិញតាមរទេះចេញពីទឹកដីថៃ ចូលមកក្នុងទឹកដីខ្មែរ ដោយឆ្លងកាត់តាមច្រកអន្តរជាតិភ្នំដី ហៅគីឡូម៉ែត្រលេខ១៣ ហាក់គ្មានមន្ត្រីគយណាមួយចេញមកត្រួតពិនិត្យទំនិញទាំងនោះទាល់តែសោះ ពោលគឺបិទភ្នែកបើកផ្លូវឱ្យដឹកចេញយ៉ាងរលូន។
ជាក់ស្តែងកាលពីវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ គេសង្កេតឃើញថា មានរទេះជាច្រើនគ្រឿងបានដឹកទំនិញឆ្លងកាត់ច្រកភ្នំដី ប៉ុន្តែមិនមានសមត្ថកិច្ចជំនាញណាមួយមកពិនិត្យឡើយ ដោយបណ្តោយឱ្យរទេះដឹកទំនិញទាំងនោះដឹកជញ្ជូនទំនិញដាក់ឡាននៅខាងទឹកដីខ្មែរ ដែលបញ្ឈរចាំរួចជាស្រេច ដែលរួមមានដូចជា ឡាននីស្សាន់ ឡានកូរ៉េ និងឡានសាំងយ៉ុងជាដើម។

ដោយឡែកមន្ត្រីគយវិញអង្គុយចាំតែទទួលយកប្រាក់ពីក្រុមឈ្មួញដែលបានយកមកបង់ឱ្យដល់ប៉ុស្តិ៍ ដោយមិនបានក្រោកចេញទៅពិនិត្យថាតើរទេះទាំងនោះដឹកអ្វីខ្លះ ចូលមកស្រុកខ្មែរនោះឡើយ។
កម្មករស៊ីឈ្នួលអូសរទេះដឹកទំនិញចេញពីស្រុកថៃ ចូលទឹកដីខ្មែរមួយរូប បានបង្ហើបប្រាប់អ្នកយកព័ត៌មានយើង ដោយសុំមិនបញ្ចោញឈ្មោះថា គាត់ជាអ្នកស៊ីឈ្នួលអូសរទេះដឹកទំនិញឱ្យគេនៅចំណុចគីឡូម៉ែត្រលេខ១៣ ហៅច្រកភ្នំដី ហើយសព្វថ្ងៃនេះទំនិញដែលគាត់ដឹកចេញពីថៃចូលមកដីខ្មែរ មកភាគច្រើនជាទំនិញគ្រឿងចាប់ហួយ រួមមានដូចជា ទឹកក្រូច ទឹកដោះគោជូរ ទឹកត្រឡាច ទឹកដោះគោឆៅ ទឹកក្រូចដប ទឹកសុទ្ធសឹង តែបៃតង ទឹកបន្ទាលកន្ទុយក្រពើ មីថៃ និងមានច្រើនមុខទៀតតាមដែលថៅកែឱ្យគាត់ដឹក។

នៅពេលដែលក្រុមការងារព័ត៌មានយើងសួរនាំពីរឿងការដឹកជញ្ជូនចេញពីដីថៃ មកខ្មែរ នោះ បុរសខាងលើបានបញ្ជាក់ប្រាប់ថា ក្នុងមួយថ្ងៃៗ ពេលគាត់ដឹកចូលមកតាមច្រកភ្នំដីនេះ មិនមានមន្ត្រីឬសមត្ថកិច្ចណាចុះមកត្រួតពិនិត្យនោះទេ ព្រោះថៅកែរបស់គាត់បានរត់ការបង់លុយទៅឱ្យគេរួចអស់ហើយ បើមិនបានបង់ទេនោះ កុំថាឡើយមួយរទេះ សូម្បីតែទិញយកមកហូប១-២កេះហ្នឹង ក៏ត្រូវខាងគយចាប់បង់លុយុដែរ ពិតជាមិនរួចខ្លួនទេ។

ពាក់ព័ន្ធទៅនឹងការដឹកជញ្ជូនទំនិញតាមរទេះចេញពីទឹកដីថៃ ចូលមកស្រុកខ្មែរតាមច្រកភ្នំដីខាងលើនេះ “នគរធំ” មិនអាចសុំការបកស្រាយពីលោកអ៊ុយ វិត ដែលជាប្រធានស្នាក់ការគយ និងរដ្ឋាករច្រកអន្តរជាតិភ្នំដី បាននៅឡើយទេ ដោយខលទូរស័ព្ទចូលហើយមិនមានការឆ្លើយតប។
ដោយឡែក លោកវី ជាគណនេយ្យករប្រចាំស្នាក់ការគយនៅច្រកភ្នំដី បានបកស្រាយតាមទូរស័ព្ទថា គាត់ជាគណនេយ្យមិនបានដឹងរឿងការងារនៅតាមច្រកទេ ហើយលោករវល់ការងារមកភ្នំពេញ រួចក៏បានបិទទូរស័ព្ទបាត់ទៅ។

ពាក់ព័ន្ធទៅនឹងករណីខាងលើនេះ ប្រជាពលរដ្ឋបានសំណូមពរដល់លោកយូ ហេង ប្រធានសាខាគយនិងរដ្ឋាករខេត្តបាត់ដំបង សូមជួយពិនិត្យមើលមន្ត្រីគយដែលនៅប្រចាំស្នាក់ការគយ និងរដ្ឋាករច្រកភ្នំដី ដែលមានភាពមិនប្រក្រតីបណ្តែតបណ្តោយឱ្យកូនចៅអង្គុយនៅតាមប៉ុស្តិ៍ អង្គុយចាំតែឈ្មួញយកប្រាក់មកបង់ រួចយកធ្វើមានធ្វើបានដាក់ហោប៉ៅ ក្នុងមួយខែៗរាប់សិបម៉ឺនដុល្លារបែបនេះ។ តើការប្រមូលពន្ធសម្រាប់ឆ្នាំ២០១៩នេះ បានប៉ុន្មានទៅសម្រាប់ចំណូលពន្ធរដ្ឋបែបនេះ?…៕