ខេត្តកំពង់ធំ ៖ យុវជនឈាមក្តៅម្នាក់ក្រោយពីផឹកស្រាស្រវឹងក៏មកសុំសត្វទារបស់ម្តាយ1ក្បាល បំណងយកទៅធ្វើម្ហូបក្លែមស្រា តែម្តាយមិនឱ្យនិងស្តីបន្ទោសឱ្យ2-3ម៉ាត់ រឿងដើរផឹកស៊ីមិនចូលផ្ទះ ស្រាប់តែកូនប្រុសចិត្តក្តៅឈឺចិត្តស្អិតទ្រូងក៏រត់ទៅចងកសម្លាប់ខ្លួន។
ហត៉េការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង7 និង10នាទីព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ2019 នៅចំណុចភូមិទំនប់ ឃុំស្រើង ស្រុកប្រាសាទសំបូរ។

យុវជនចិត្តខ្លាំងគំនិតខ្លីដែលចងកសម្លាប់ខ្លួន ព្រោះតែខឹងសុំទាម៉ែយកទៅក្លែមស្រាមិនបាននេះ មានឈ្មោះជាង ចាន់ អាយុ21ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិឃុំកើត-ហេតុខាងលើ។
តាមសម្តីបុរសឈ្មោះជាង ជីន អាយុ45ឆ្នាំ ត្រូវជាឪពុកបង្កើតរបស់ជនរងគ្រោះបានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី15 ខែកញ្ញា ឆ្នាំ2019 វេលាម៉ោងប្រហែល7ទៅ8ព្រឹក កូនប្រុសគាត់ (ជនរងគ្រោះ) បានបបូលមិត្តភក្តិ2ទៅ3នាក់ជាអ្នកភូមិជាមួយគ្នា មកផឹកស្រានៅក្រោមផ្ទះរបស់គាត់ ពេលនោះគាត់បានហាមកុំឱ្យកូនប្រុសផឹកខ្លាំងពេកជួយធ្វើការងារម៉ែឪផង កុំគិតតែផឹកស្រា តែកូនគាត់មិនបាននិយាយស្តីអ្វីតបមកគាត់វិញនោះឡើយ។ លុះនៅវេលាម៉ោងប្រហែល1និង20នាទីរសៀល កូនប្រុសគាត់ម្នាក់នេះបានចាប់សត្វទា1ក្បាលយកទៅធ្វើស៊ី មិនដឹងនៅផ្ទះអ្នកណាទេ។
លុះដល់ម៉ោងប្រហែល5 និង12នាទីល្ងាចថ្ងៃដដែល ក៏ឃើញកូនប្រុសនោះបានជិះម៉ូតូមកតែម្នាក់ឯង ដោយស្ថានភាពស្រវឹងស្រាជោក រួចក៏បានសុំទា1ក្បាលទៀត តែប្រពន្ធគាត់និងគាត់មិនឱ្យ និងបានស្តីបន្ទោសជាច្រើនម៉ាត់ ហើយកូនគាត់បាន និយាយថា “ម៉ែពុកចាំធ្វើបុណ្យខ្ញុំផង!”។

លោកបានបន្តទៀរថា លុះនិយាយរួច កូនប្រុសនេះបានជិះម៉ូតូទៅបាត់មិនដឹងទៅណា? ដល់ម៉ោងប្រហែល8និង30នាទីថ្ងៃដដែល គាត់បានជិះម៉ូតូតាមរកដល់វត្តទំនប់ឃុំស្រើង ដែរ តែរកមិនឃើញ ក៏មកដេកវិញព្រឹកឡើងថ្ងៃទី១៦ ខែកញ្ញា បាននាំកូននិងប្រពន្ធគាត់តាមរកម្តងទៀត ក៏បានឃើញកូនចងកស្លាប់នៅនិងតំបន់អូរក្បាលទន្សោងខាងត្បូង ឆៀងខាងលិចភូមិ ទំនប់ឃុំស្រើង ចម្ងាយ1គីឡូម៉ែត្រ ក្នុងដីចម្ការខ្លួនឯង ហើយបានហៅបងប្អនមកជួយយកសពទៅផ្ទះ រួចរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍តែម្តង។
ក្រោយទទួលបានព័ត៌ម៌ានខាងលើ កម្លាំងជំនាញនគរបាលស្រុក និងនគរបាលប៉ុស្តិ៍ស្រើង លោកគ្រូពេទ្យបានចុះដល់កន្លែងកើតហេតុ និងពិនិត្យសាកសពនៅនឹងផ្ទះ រួចបញ្ជាក់ថា សាកសពមានស្នាមជាំខ្មៅនៅម្តុំក មានទំហំ25សង់ទីម៉ែត្រ ក្រៅពីស្លាកស្នាមខាងលើ ពិនិត្យពុំឃើញមានអ្វីគួរឱ្យកត់សម្គាល់ឡើយ។

តាមការស្រាវជ្រាវនៅនឹងកន្លែងកើតហេតុ ព្រមទាំងពិនិត្យ និងធ្វើកោសល្យវិច័យសាកសពរួច សមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារធ្វើអត្តឃាតខ្លួនឯង ដោយមិនពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌណាមួយឡើយ។
សាកសពជនរងគ្រោះខាងលើត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី”