Monday, November 24, 2025
Homeព័ត៌មានជាតិថៅកែផលិតកម្ម Galaxy និងស្វាមីចន ច័ន្ទលក្ខិណា បកស្រាយជុំវិញចម្រូងចម្រាសនៅព្រលានយន្តហោះប្រទេសកូរ៉េ

ថៅកែផលិតកម្ម Galaxy និងស្វាមីចន ច័ន្ទលក្ខិណា បកស្រាយជុំវិញចម្រូងចម្រាសនៅព្រលានយន្តហោះប្រទេសកូរ៉េ

ខណៈដែលរឿងរ៉ាវកក្រើកហ្វេសប៊ុក ជុំវិញបុរសមួយក្រុមថតបង្ហោះពីសកម្មភាពសិល្បករ អមដោយការជេរប្រមាថពូជខ្មែរ និងដៀលអ្នកសិល្បៈ ធ្វើឲ្យផ្ទុះប្រតិកម្មពេញស្រទាប់មហាជននោះ គេមិនទាន់ឃើញលោកឧកញ៉ាឡេង ណាវ៉ាត្រា ដែលត្រូវគេចោទថា មានបំណងចង់ប្រើអំពើហិង្សានៅព្រលានអុីនឆន ប្រទេសកូរ៉េ ចេញប្រតិកម្ម ឬបកស្រាយនោះទេ។

យ៉ាងណាមិញ ផ្អែកតាមហ្វេសប៊ុកកាលពីព្រឹកថ្ងៃទី១៧ ខែកញ្ញា លោកឧកញ៉ាឡេង ណាវ៉ាត្រា បានបង្ហោះសារបកស្រាយ។ ថៅកែផលិតកម្ម Galaxy រូបនេះ បានថ្លែងសារថា “រឿងពិតកើតឡើងនៅកូរ៉េ នៅប្រលានអុីនឆន ប្រទេសកូរ៉េទេ ដែលជាការព្យាយាមថតលើកទី2របស់បងប្អូន បន្ទាប់ពីថតជេប្រមាថនៅម៉ាឡេស៊ីហើយ ម៉្យាងទៀតដោយសារទីនោះ យើងកំពុងឈរនៅកន្លែងអន្តោប្រវេសន៍ គឺកន្លែងដែលហាមឃាត់ការថតគ្រប់រូបភាព។

បើនិយាយពីច្បាប់នៅកូរ៉េ ថតគេគ្មានការអនុញាតអាចមានទោសដល់ជាប់គុក ហើយជាប់ blacklist ជាពិសេសកន្លែងអន្តោប្រវេសន៍ទៀត ក្រុមសិល្បៈព្យាយាមសម្រមសម្រួលឲ្យបញ្ចប់ ប៉ុន្តែក្រុមបងប្អូនកាន់តែទាញកាមេរ៉ាថតច្រើនឡើង ព្រោះកាថតនេះមិនមែនថតរិះគន់ធម្មតាទេ ជាកាថតតិះដៀលប្រមាថ”។

ចំណែកលោកហេង ឡុង ស្វាមីអ្នកនាងចន ច័ន្ទលក្ខិណា ដែលស្ថិតក្នុងហេតុការណ៍នោះ បញ្ជាក់បន្ថែមប្រាប់អ្នកកាសែតថា ក្នុងរូបភាពដែលក្រុមឆ្មក់ថតវីដេអូបានបង្ហោះកាត់តនោះ មិនមែនលោកឧកញ៉ាឡេង ណាវ៉ាត្រា ចង់ហក់ទៅវ៉ៃតប់ជាមួយអ្នកថត ដូចការចោទប្រកាន់នោះទេ គឺលោកឧកញ៉ាគ្រាន់តែខឹងរឿងបុរសនោះហើយនិយាយចរចាគ្នាសោះ ក៏ថតវីដេអូ ទើបលោកឧកញ៉ាស្ទុះទៅបម្រុងចាប់ឃាត់កាមេរ៉ាទូរស័ព្ទកុំឲ្យបន្តថត ប៉ុន្តែដោយសារតែលោកខ្លាចមានរឿង ហើយចាប់ដៃកុំឲ្យលូកទៅ ទើបមើលទៅដូចចង់ហក់វ៉ៃ ក្រោយពេលអ្នកបង្ហោះក៏ព្យាយាមកាត់តប្លង់នោះដដែលៗ ដើម្បីចោទប្រកាន់។

លោកហេង ឡុង បន្តថា មិនមែនត្រឹមតែលោកឧកញ៉ានោះទេ សូម្បីតែលោកក៏ទទួលយកមិនបាននោះដែរ នៅពេលឮអ្នកថតរូបរបស់ក្រុមខ្លួនយកទៅបង្ហោះបំប៉ោងស្ថានការណ៍ ហើយស្រាប់តែពេលចរចាឲ្យលុបវីដេអូនោះចោល ប្រកាសមិនព្រមលុប និងបន្តថតវីដេអូបន្ថែមទៀត ដើម្បីបំប៉ោងហេតុការណ៍ឲ្យកាន់តែមើលទៅធ្ងន់ធ្ងរ។

លោកទទួលស្គាល់ចំពោះកំហុសរបស់ក្រុមអ្នករួមដំណើរ ដែលសាងកំហុសឆ្គងនៅព្រលានយន្តហោះនៅក្នុងប្រទេសម៉ាឡេសុី ប៉ុន្តែអ្វីដែលលោកទទួលយកមិនបាន គឺក្រុមអ្នករិះគន់ថតបង្ហោះ ដោយមិនបានមកស្នើអោយក្រុមរបស់លោកដែលមានកំហុសដោយអចេតនាបញ្ឈប់សកម្មភាពជាមុនសូម្បីបន្តិច ហើយស្រាប់តែថតវីដេអូយកទៅបង្ហោះដោយប្រើពាក្យដៀលប្រមាថជាតិខ្មែរ និងអ្នកសិល្បៈមួយប្រទេស ដែលលោកយល់ថា នោះគឺជាការបំប៉ោងស្ថានការណ៍ និងធ្វើអោយគេមើលងាយជាតិខ្មែរពេញពិភពលោក ខណៈដែលហេតុការណ៍នោះ បើក្រុមអ្នកទើសមកប្រាប់តែបន្តិច គឺនឹងមិនមានអ្វីកើតឡើង។

លោកឡុង បន្តទៀតថា ម្យ៉ាងសំឡេងភ្លេង និងការរាំលេងនៅក្នុងពេលនោះ ក៏នៅឆ្ងាយពីកន្លែងគេអង្គុយ និងមិនបានបើកសំឡេងឮៗ បង្កការប៉ះពាល់នៅកន្លែងរង់ចាំនោះដែរ។

លោកបន្តថា បើមានអ្នកដំណើរ ឬអ្នកបម្រើការនៅក្នុងព្រលាននៅម៉ាឡេសុីណាម្នាក់ មកប្រាប់ ឬមកហាម ហើយពួកលោកមិនឈប់ លោកថា វាសមខ្លាំងណាស់ក្នុងការបង្ហោះ ប៉ុន្តែបរិយាកាសគឺមិនមានតែម្ដង ទើបក្រុមលោកពិបាកទទួលយកនៅពេលឃើញវីដេអូបង្ហោះឡើង អមដោយការប្រមាថ។

ជាចុងក្រោយ លោកថា គ្រប់យ៉ាងបើជាខ្មែរដូចគ្នា គឺគ្រាន់តែមកប្រាប់ ឬគ្រាន់តែសម្រួលគ្នា ដោយលុបវីដេអូ ហើយក្រុមលោកទទួលកំហុសរឿងរាំលេងនោះ វាចប់បាត់ហើយ ប៉ុន្តែមកពីក្រុមនោះចង់បង្ក និងចង់បំប៉ោងស្ថានការណ៍ឲ្យធ្ងន់ ទើបមើលទៅកាន់តែអាក្រក់។ យ៉ាងណាមិញ សម្រាប់លទ្ធផលពាក្យបណ្ដឹងដែលបានដាក់បណ្ដឹង លោកសុំមិនទាន់បកស្រាយទេ ដោយទុកឲ្យមេធាវីបន្តនិតិវិធី៕

RELATED ARTICLES