ខេត្តកំពង់ធំ ៖ បុរសម្នាក់ត្រូវបានក្រុមគ្រួសារអះអាងថាបានកើតមានជំងឺរ៉ាំរ៉ៃប្រចាំកាយជាច្រើនឆ្នាំមកហើយ លុះក្រោយពេលសម្រាន្តនៅលើផ្ទះមិនព្រមក្រោក ទើបស្ត្រីជាប្រពន្ធបានចូលទៅដាស់ ស្រាប់តែប្រទះឃើញប្តីស្លាប់រឹងស្តូកបាត់ទៅហើយ។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចលើផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិ ចាន់ល្ហុង ឃុឈុំកូខ្សាច់ ស្រុកបារាយណ៍។

បុរសរងគ្រោះខាងលើ មានឈ្មោះស តែន អាយុ៤៥ឆ្នាំ មានលំនៅក្នុងភូមិឃុំកើត-ហេតុខាងលើ។
តាមការបំភ្លឺពីស្ត្រីឈ្មោះឈិត នួន អាយុ ៤៥ឆ្នាំ ត្រូវជាប្រពន្ធជនរងគ្រោះបានរៀបរាប់ប្រាប់ថា ប្តីរបស់គាត់បានកើតមានជំងឺរ៉ាំរ៉ៃប្រចាំកាយ (រោគសួត) ជាច្រើនឆ្នាំមកហើយ ព្យាបាលមិនជាសោះ។
ស្ត្រីជាប្រពន្ធបានបន្តថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ ប្តីគាត់បានចេញទៅបាចត្រីរហូតដល់ម៉ោង៥និង០៥នាទីល្ងាចថ្ងៃដដែល ទើបប្តីគាត់ត្រលប់មកផ្ទះវិញ ហើយបានហូបបាយ រួចក៏ឡើងទៅសម្រាកលើផ្ទះរហូតដល់ម៉ោ់ង៧និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩។

ស្ត្រីជាប្រពន្ធបន្តទៀតថា ដោយសារតែឃើញប្តីដេកយូរពេកមិនព្រមក្រោក ទើបគាត់ជាប្រពន្ធបានឡើងទៅដាស់ប្តី ស្រាប់តែពេលយកដៃទៅអង្រួន ទើបដឹងថា ប្តីរបស់គាត់បានដេកស្លាប់រឹងស្តូកបាត់ទៅហើយ ទើបកើតមានការផ្អើលឆោឡោឡើង និងរាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។
ក្រោយទទួលព័ត៌មានខាងលើភ្លាម សមត្ថកិច្ចជំនាញនគរបាលស្រុកបារាយណ៍ បានចុះសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំឈូកខ្សាច់ និងអាជ្ញាធរមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ ពិនិត្យសាកសព រួចបញ្ជាក់ថា សាកសពពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ឡើយ។

បន្ទាប់ពីសមត្ថកិច្ចជំនាញពិនិត្យរួច បានសន្និដ្ឋានថា ការស្លាប់នេះបណ្តាលមកពីជំងឺខ្លូនឯង មិនមានពាក់ព័ន្ធទៅនឹងករណីអ្វីផ្សេងឡើយ។
សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕