Monday, November 24, 2025
Homeព័ត៌មានជាតិគ្រាន់តែសមត្ថកិច្ចរៀបរាប់ហេតុការណ៍ចប់... កូនប្រុសបានត្រឹមសោកស្តាយ

គ្រាន់តែសមត្ថកិច្ចរៀបរាប់ហេតុការណ៍ចប់… កូនប្រុសបានត្រឹមសោកស្តាយ

ខេត្តកណ្តាល ៖ បុរសម្នាក់ត្រូវបានក្រុមគ្រួសារអះអាងថា បានបាត់ខ្លួនចេញពីផ្ទះអស់រយៈពេលជាច្រើនខែមកហើយ ទោះជាក្រុមគ្រួសារដើរតាមស្វែងរកយ៉ាងណាក៏មិនឃើញសោះ ទីបំផុតក៏មានអ្នកប្រទះឃើញសាកសពស្អុយរលួយសល់តែគ្រោងឆ្អឹងនៅក្នុងទឹក។

ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចព្រៃមួយកន្លែង តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុង ភូមិពោធិ៍តូច ឃុំកំពង់លួង ស្រុកពញាឮ។

មន្ត្រីនគរបាលស្រុកពញាឮ បានឱ្យដឹងថា សាកសពមនុស្សដែលគេប្រទះឃើញខាងលើ មានឈ្មោះអ៊ូច ឆាង ភេទប្រុស អាយុ៤២ឆ្នាំ មានលំនៅក្នុងភូមិត្រពាំងព្រៃ ឃុំស្រែសំរោង ស្រុកជុំគីរី ខេត្តកំពត។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ បុគ្គលិកផ្នែកស្ថាបនា ផ្លូវជាតិលេខ៥ បានចុះកាន់បង្គោលវាស់នីវ៉ូធ្វើផ្លូវ ខណៈចុះទៅវាស់ក្នុងព្រៃមេទឹកក្បែរផ្លូវជាតិលេខ៥ ក៏ស្រាប់តែបានប្រទះឃើញសាកសពមនុស្សនៅក្នុងទឹកមានសភាពរលួយទ្រោមសល់តែគ្រោងឆ្អឹងប៉ុណ្ណោះ ភ្លាមនោះក៏រាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលកំពង់លួង ដើម្បីធ្វើការពិនិត្យ។

បន្ទាប់ពីកម្លាំងនគរបាលប៉ុស្តិ៍ទទួលបានព័ត៌មានខាងលើ ភ្លាមនោះចុះទៅកន្លែងកើតហេតុ រួចរាយការណ៍បន្តទៅកម្លាំងនគរបាលជំនាញស្រុក ដោយសហការជាមួយកម្លាំងនគរបាលជំនាញបច្ចេកទេសខេត្ត ដោយមានការចូលរួមលោកគ្រូពេទ្យជំនាញស្រុក រួចធ្វើការពិនិត្យឃើញថា សាកសពជនរងគ្រោះមានសភាពទ្រោមសល់តែគ្រោងឆ្អឹង ហើយកម្លាំងជំនាញបានយកឆ្អឹងមកតំរៀបពិនិត្យមើលមិនមានស្លាកស្នាមអ្វីលើឆ្អឹងគួរឱ្យកត់សំគាល់ឡើយ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ សាកសពជនរងគ្រោះ ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។

បន្ទាប់ពីធ្វើការពិនិត្យចប់ សមត្ថកិច្ចបានស្រាវជ្រាវរកសាច់ញាតិ រួចក៏ត្រូវបានកូនប្រុសរបស់ជនរងគ្រោះបានមកដល់ទីតាំងកើតហេតុពិនិត្យ និងសម្គាល់បានថា សាកសពនេះពិតជាឪពុករបស់ខ្លួនដែលបាត់ខ្លួនដោយគ្មានដំណឹងអស់រយៈពេលជាច្រើនខែមកហើយមែន។

សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារសាច់ញាតិ ដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES