Monday, November 24, 2025
Homeព័ត៌មានជាតិឃើញដេកនៅរានហាលមុខផ្ទះ ពេលចូលទៅដាស់ រឹងស្តូកទៅហើយ

ឃើញដេកនៅរានហាលមុខផ្ទះ ពេលចូលទៅដាស់ រឹងស្តូកទៅហើយ

ខេត្តឧត្តរមានជ័យ ៖ បុរសម្នាក់តែងផឹកស្រាស្រវឹងជារៀងរាល់ថ្ងៃ ហើយឱ្យតែបានស្រាផឹកមិនព្រមហូបបាយទឹកសោះឡើយ ទីបំផុត ក្រោយពីផឹកស្រាស្រវឹងជោកជាំ ក៏ប្រះខ្លួនដេកនៅលើរាលហាលខាងមុខផ្ទះ លុះព្រឹកឡើងមិនឃើញក្រោក ទើបអ្នកភូមិនឹកឆ្ងល់ចូលទៅដាស់ ស្រាប់តែប្រទះឃើញជនរងគ្រោះបានស្លាប់បាត់ទៅហើយ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចអូរពស់ព្រៃខាងកើត ក្នុងភូមិឈូកមាស សង្កាត់កូនគ្រៀល ក្រុងសំរោង។

បុរសរងគ្រោះខាងលើ មានឈ្មោះកែវ (មិនស្គាល់ត្រកូល) អាយុ៣៥ឆ្នាំ មានស្រុកកំណើតឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ជាអតីតទាហាន សព្វថ្ងៃស្នាក់នៅកន្លែងកើតហេតុខាងលើតែម្នាក់ឯង គ្មានប្រពន្ធ និងកូនចៅ ឬសាច់ញាតិអ្វីនឹងគេនោះទេ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា បុរសរូបនេះតែងតែអង្គុយផឹកស៊ីជារៀងរាល់ថ្ងៃយប់ ហើយឱ្យតែបានផឹកស៊ីស្រវឹងហើយ គឺមិនដែលឃើញហូបបាយនោះទេ លុះនៅថ្ងៃកើតហេតុនេះគេឃើញជនរងគ្រោះដេកនៅលើរានហាលនៅមុខផ្ទះ ខណៈអ្នកជិតខាងបានដើរចូលទៅ ស្រាប់តែឃើញដេកស្លាប់បាត់ទៅហើយ ក៏រាយការណ៍ប្រាប់ដល់សមត្ថកិច្ចតែម្តង ។

តាមប្រភពពីលោកមេប៉ុស្តិ៍រដ្ឋបាលឃុំកូនគ្រៀល បានឱ្យដឹងថា ជនរងគ្រោះជាមនុស្សរស់នៅឯកោ មិនមានប្រពន្ធកូននោះទេ ជនរងគ្រោះតែងតែរស់នៅហូបបាយវត្ត ហើយព្រះសង្ឃក៏បានកសាងខ្ទមឱ្យជនរងគ្រោះដេកស្នាក់នៅចាំថែរក្សាព្រៃសហគមន៍សង្ឃរុក្ខវ័នតែម្តង ខណៈនោះក៏មានអ្នកភូមិ ដោយពួកគេរស់នៅក្បែៗនោះជាអ្នកធ្វើចំការស្រែផងដែរ។

ប្រភពដដែលបានបន្តថា ក្រោយពីបានទទួលព័តមានថា មានមនុស្សដេកស្លាប់ សមត្ថកិច្ចបានចុះទៅពិនិត្យនិងធ្វើការស្រាវជ្រាវ ហើយបានសន្និដ្ឋានថា ជនរងគ្រោះបានផឹកស៊ីស្រវឹង ហើយមិនបានហូបបាយ ទើបបង្កឱ្យកើតខ្យល់គដេកស្លាប់បាត់បង់ជីវិតតែម្តង។

សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យព្រះសង្ឃ រួមទាំងអ្នកភូមិចាត់ចែងធ្វើបុណ្យទៅតាមប្រពៃណី៕

RELATED ARTICLES