Monday, November 24, 2025
Homeព័ត៌មានជាតិប្រដេញតាមចាប់ប៉ុណ្ណឹងហើយ នៅតែជនល្មើសគេចខ្លួនបាន

ប្រដេញតាមចាប់ប៉ុណ្ណឹងហើយ នៅតែជនល្មើសគេចខ្លួនបាន

ខេត្តមណ្ឌលគិរី ៖ គណៈបញ្ជាការឯកភាពស្រុកកែវសីមា បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសដឹកជញ្ជូនអនុផលព្រៃឈើដោយខុសច្បាប់ តាមរយៈការដាក់កុងត្រូលឆែកឆេរគ្រប់រថយន្តដែលចរាចរណ៍លើផ្លូវជាតិលេខ៧៦។

ជាក់ស្តែង នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ គ្រាដែលកំពុងតែដាក់កុងត្រូលត្រួតពិនិត្យបទល្មើសព្រៃឈើ និងអាវុធជាតិផ្ទុះ ស្រាប់តែមានរថយន្តកាមេរីបាឡែន ១គ្រឿងបោះពួយយ៉ាងលឿន និងត្រូវសមត្ថកិច្ចសង្ស័យប្រដេញតាមចាប់រហូតដល់ទឹកដីខេត្តក្រចេះ ទើបឈានដល់ការបង្ក្រាបស្ទាក់ចាប់បាន ដោយរកឃើញឈើ៣០ដុំ ។

សមត្ថកិច្ចថា ដោយមានការសង្ស័យ សមត្ថកិច្ចក៏ប្រដេញតាមរថយន្តបាឡែន១គ្រឿងនោះ រហូតដល់ចំនុច១១៥ឃុំគ្រញូងសែនជ័យ ស្រុកស្នួលខេត្តក្រចេះ និងដោយសហការជាមួយសមត្ថកិច្ចខេត្តក្រចេះ ទើបអាចចាប់រថយន្តសង្ស័យបាន ហើយប្រទះឃើញសុទ្ធតែជាឈើប្រណីតបេង ជាច្រើនដុំ។

លោកឈាង ណាក់ មន្ត្រីរដ្ឋបាលព្រៃឈើ បានឱ្យដឹងថា ឈើដែលរឹបអូសក្នុងរថយន្តបាឡែន ជាប្រភេទឈើប្រណិតបេងមានចំនួន កូនក្រឡឹង៣០ដុំ ស្មើនិង០,៤៨០ម៉ែត្រត្រីគុណ។

លោកថា វត្ថុតាងកំពុងរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើកែវសីមា ឯម្ចាស់រថយន្តបានរត់គេចបាត់ស្រមោលទៅហើយ។

សមត្ថកិច្ចថា គិតត្រឹមរយៈពេលបីថ្ងៃចុងក្រោយនេះ មានរថយន្តប្រមាណ៧គ្រឿង មានរថយន្តក្រុង រថយន្តសាំយ៉ុងនិងរថយន្តកាមេរី ត្រូវបានគណៈបញ្ជាការស្រុកមួតនេះចាប់ ជាបន្តបន្ទាប់៕

RELATED ARTICLES