Monday, November 24, 2025
Homeព័ត៌មានជាតិសំណាងហើយ រថយន្តទំនើបៗជាច្រើនគ្រឿងត្រូវយកចេញទាន់...

សំណាងហើយ រថយន្តទំនើបៗជាច្រើនគ្រឿងត្រូវយកចេញទាន់…

ភ្នំពេញ ៖ ឃ្លាំងស្តុកម៉ាស៊ីនត្រជាក់១កន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ធ្វើឱ្យរាលឆេះដល់ឃ្លាំងលក់រថយន្ត១កន្លែង ស្ថិតនៅទល់ខ្នងគ្នា បង្កឱ្យមានការខូចខាតរាប់ម៉ឺនដុល្លារ និងបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥និង៤០នាទីល្ងាច ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចដីឡូតិ៍លេខ 9A ផ្លូវភ្នំពេញហាណូយ ផ្លូវលេខ១០១៩ ក្នុងភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខាងជើងស្ពាន អាកាសផ្សារដីហុយ ចំងាយប្រមាណជាង២០០ម៉ែត្រ។

ឃ្លាំងស្តុកម៉ាស៊ីនត្រជាក់ និងទូទឹកកកដែលទទួលរងការឆាបឆេះ មានទំហំទទឹងប្រមាណ៨ម៉ែត្រ គុណ១០ម៉ែត្រ មានម្ចាស់ឈ្មោះម៉េង ទៀង ភេទស្រី អាយុ៥៦ឆ្នាំ ដែលជាម្ចាស់ដេប៉ូទិញលក់ ជួលជុល លាងសម្អាតទូទឹកកក ដំឡើងម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកខោអាវ ម៉ាស៊ីនទឹកក្តៅ និងម៉ាស៊ីនទឹកត្រជាក់ ដែលមានយីហោ ម៉េង សុង មានទីតាំងផ្ទះលេខ9A។

ដោយឡែកឃ្លាំងលក់រថយន្តនិងម៉ូតូ មានទំហំប្រមាណ១០ម៉ែត្រគុណនឹងជាង២០ម៉ែត្រ ស្ថិតនៅពីមុខឃ្លាំងម៉ាស៊ីនត្រជាក់ត្រូវភ្លើងឆេះអស់មួយកំណាត់កន្លែងស្នាក់នៅខាងក្រោយ និងរថយន្ត១គ្រឿង រងការខូចខាតបន្តិចបន្តួចមួយកំណាត់ក្រោយ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនកើតហេតុ គេឃើញភ្លើងបានឆាបឆេះយ៉ាងសន្ទោសន្ធៅចេញពីឃ្លាំងស្តុកម៉ាស៊ីនត្រជាក់នៅផ្នែកខាងក្រោយ ហើយបានភ្លើងឆេះរាលដាលយ៉ាងសន្ធោសន្ធៅទៅឃ្លាំងលក់រថយន្តនិងម៉ូតូ១កន្លែង ដែលស្ថិតនៅទល់ខ្នងគ្នា។

ភ្លាមៗនោះ រថយន្តទំនើបៗជាច្រើនគ្រឿង ត្រូវបានគេនាំគ្នារុញ និងបើកចេញ ធ្វើឱ្យរងការឆាបឆេះខូចខាតតែ១គ្រឿងប៉ុណ្ណោះ។ យ៉ាងណា ភ្លាមៗនោះ កម្លាំងជំនាញពន្លត់អគ្គិភ័យក៏បានចុះមកដល់ជួយអន្តរាគមន៍ភ្លាមៗផងដែរ។

តាមការបញ្ជាក់ពីម្ចាស់ឃ្លាំងស្តុកម៉ាស៊ីនត្រជាក់ដែលទទួលរងការឆាបឆេះ បានឱ្យដឹងថា សម្ភារដែលរងការខូចខាតដោយសារអគ្គិភ័យ នេះ គឺអស់ប្រមាណពី៧ទៅ៨ម៉ឺនដុល្លារ ដោយក្នុងនោះរួមមានម៉ាស៊ីនត្រជាក់ទាំងចាស់ ទាំងថ្មី រួមទាំងទូរទឹកកក រថយន្តសាំយ៉ុង១គ្រឿង និងរថយន្តកូរ៉េម៉ាកដេវ៉ូ ១គ្រឿងរងការខូចខាតផងដែរ។

សេចក្តីរាយការណ៍បានបន្តថា ទាក់ទិននឹងមូលហេតុនៃករណីអគ្គិភ័យខាងលើនេះ គេនៅមិនទាន់ដឹងពីមូលហេតុនៅឡើយទេ ប៉ុន្តែបើតាមអះអាងរបស់ម្ចាស់ឃ្លាំងស្តុកម៉ាស៊ីនត្រជាក់បានឱ្យដឹងថា អគ្គិភ័យនេះគឺបានឆាបឆេះចេញពីផ្នែកខាងលើនៃឃ្លាំងលក់រថយន្ត ហើយបានឆេះរាលដាលដល់ឃ្លាំងលក់ម៉ាស៊ីនត្រជាក់របស់គាត់តែម្តង។

ដោយឡែកចំពោះឃ្លាំងលក់រថយន្ត គឺបានឆេះរថយន្តម៉ាកវ៉ល់វ៉ូ១គ្រឿង ព្រមទាំងម៉ូតូ១គ្រឿង គ្រឿងបន្លាស់រថយន្ត និងម៉ូតូមួយចំនួនទៀត ប៉ុន្តែមិនទាន់ដឹងពីទំហំនៃការខូចខាតនៅឡើយ។  យ៉ាងណា ភាគីម្ចាស់ឃ្លាំងលក់រថយន្តបានធ្វើការបដិសេធថា អគ្គិភ័យនេះមិនបានឆាបឆេះចេញពីឃ្លាំងរបស់គាត់ទេ គឺបានឆាបឆេះចេញផ្នែកខាងក្រោយវិញ។

ប៉ុន្តែតាមការបញ្ជាក់ពីម្ចាស់ឃ្លាំងលក់ម៉ាស៊ីនត្រជាក់ខាងលើ អគ្គិភ័យនេះគឺបានឆាបឆេះចេញពីឃ្លាំងលក់រថយន្តផ្នែកខាងលើ ជាកន្លែងស្នាក់នៅ ដោយសារតែប៉ុន្មានជា២ទៅ៣ថ្ងៃមុន ឃ្លាំងនេះចេះតែមានបញ្ហាអគ្គិសនី ធ្វើឱ្យភ្លើងចេះរលត់ជាបន្តបន្ទាប់ រួចតែងតែមកបើកឌីហ្សង់ទ័រនៅផ្នែកខាងមុខ ដូច្នេះទើបធ្វើឱ្យគាត់សង្ស័យថា អគ្គិភ័យនេះគឺបណ្តាលមកពីទុស្សេខ្សែភ្លើងរហូតកើតមានអគ្គិភ័យឆាបឆេះបែបនេះតែម្តង។

តាមការបញ្ជាក់ពីសមត្ថកិច្ច គ្រោះអគ្គិភ័យខាងលើនេះ ត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនរថយន្តពន្លត់អគ្គិភ័យប្រមាណជាង២០គ្រឿង មកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ហើយភ្លើងបានរលត់ទៅវិញនៅវេលាម៉ោងប្រមាណ៦និង៣០នាទីព្រលប់ថ្ងៃដដែល និងបង្កឱ្យឃ្លាំងស្តុកម៉ាស៊ីនត្រជាក់ ទូទឹកកក ព្រមទាំងរថយន្តសាំងយ៉ុងមួយគ្រឿងត្រូវភ្លើងឆេះរងការខូចខាតទាំងស្រុង។

ចំណែកឃ្លាំងរថយន្តឆេះអស់មួយកំណាត់ដែលជាកន្លែងស្នាក់នៅផ្នែកខាងក្រោយតែប៉ុណ្ណោះ។ យ៉ាងណា មិនមានអ្នកណាម្នាក់ទទួលរងគ្រោះថ្នាក់នោះទេ៕

RELATED ARTICLES