ភ្នំពេញ ៖ បុរសម្នាក់យកសំរាមទៅទុកចោលនៅមុខផ្លូវក្បែរហាងម៉ាស្សាមួយកន្លែង លុះភាគីហាងម៉ាស្សាចេញមកឃើញ ក៏កើតជាជំលោះតឹងសរសៃកដាក់គ្នា រហូតផ្ទុះជាអំពើហិង្សាដាក់គ្នាទៅវិញទៅមក បណ្តាលឱ្យមានអ្នករងរបួស បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពី វេលាម៉ោង៩ និង០៥នាទីយប់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវ៩៤ នៅចំណុចហាងម៉ាស្សាយីហោវត្តភ្នំ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
តាមប្រភពព័ត៌មានពីភាគីម្ខាង ឈ្មោះប៊ុន ណាទី ភេទប្រុស អាយុ២៩ឆ្នាំ មានមុខរបរជាអ្នករត់ម៉ូតូឌុប ស្នាក់នៅផ្ទះលេខ 11E1 ផ្លូវលេខ៩៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ឪពុករបស់គាត់ បានយកសំរាមពីក្នុងផ្ទះទៅដាក់ខាងក្រៅផ្ទះ នៅ មុខផ្លូវជាប់ក្បែរនឹងហាងម៉ាស្សាយីហោវត្តភ្នំ។
ប្រភពបានបន្ថែមថា ស្រាប់តែពេលភ្លាមៗនោះ ក៏មានកូនប្រុសរបស់ថៅកែហាងម៉ាស្សាខាងលើនេះចេញមកឈ្លោះ និងជេរប្រមាថឪពុករបស់គាត់ ហើយភ្លាមៗនោះគាត់ក៏បើកម៉ូតូកង់បីមកដល់កន្លែងកើតហេតុ ស្រាប់តែជនបង្កមានឈ្មោះអុក ផល្លា ហៅអាវី ភេទប្រុសអាយុប្រហែលជា៣០ឆ្នាំ បានយកដុំថ្មយកទៅគប់លើរូបគាត់បណ្តាលឱ្យបែកចិញ្ចើមខាងស្តាំ ចេញឈាមស្រោចពេញមុខ ធ្វើឱ្យកើតជាការឈ្លោះប្រកែកគ្នាផ្អើលពេញផ្លូវតែម្តង បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចុះមកអន្តរាគមន៍រួមនឹងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះទៅហាមឃាត់កុំអោយប្រើហិង្សាតទៀត។
ប្រភពដដែលបានបន្តថា កន្លែងនេះគាត់និងអ្នកភូមិ១១ទាំងអស់ធ្លាប់ដាក់សំរាមជាយូរមកហើយ ហេតុអីបែរជាមិនឱ្យគាត់ដាក់ទៅវិញ។
បើតាមសម្តីភាគីម្ខាងទៀត ឈ្មោះអុក ផល្លា ហៅអាវី ភេទប្រុស អាយុប្រហែល៣០ឆ្នាំ បានឱ្យដឹងថា មុនពេលកើតហេតុ រយៈពេលប៉ុន្មានខែនេះខាងគាត់បានរៀបចំធុងសំរាម ដើម្បីអោយអ្នកភូមិទាំងអស់កុំយកសំរាមមកបោះចោលនៅខាងមុខផ្លូវទៀត ដោយសារតែអត់មានអនាម័យ ទើបគាត់ធ្វើបែបនេះ លុះពេលឡានសំរាមមកដល់ គឺមានខាងសន្តិសុខរបស់គាត់ជួយលើកធុងសំរាមយកទៅដាក់ខាងមុខ ដើម្បីចាក់ចោល។ ប៉ុន្តែបែរជាខាងភាគីខាងលើមិនព្រមធ្វើតាម ហើយបែរជាចោទថា ខាងគាត់ចង់យកចំណីផ្លូវទុកប្រើប្រាស់តែម្នាក់ឯងទៅវិញ ហើយមួយណាទៀតដោយសារតែលើកមុន ខាងគ្រួសារនឹងគាត់ធ្លាប់មានគំនុំឈ្លោះទាស់គ្នារយៈពេលជាយូរមកហើយផងដែរ។
ក្រោយពេលកើតហេតុ ខាងភាគីដែលរងរបួសបែកចិញ្ចើមខាងស្តាំ បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលស្រះចក ដើម្បីឱ្យសមត្ថកិច្ចចាត់ការទៅតាមនីតិវិធីចាប់៕



