ខេត្តបាត់ដំបង ៖ ប្រភពពីក្រុមឈ្មួញរកស៊ីដឹកជញ្ជូនទំនិញតាមរថយន្ត បានបង្ហើបប្រាប់ “នគរធំ” កាលពីវេលាម៉ោង៣និង៥០នាទីរសៀល ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ថា ការដឹកទំនិញថៃចូលក្នុងទឹកដីខ្មែរ តាមច្រកអន្តរជាតិដូង ស្ថិតនៅចំណុចភូមិអូរដា ឃុំបឹងរាំង ស្រុកកំរៀង រាល់ថ្ងៃនេះ គឺបានបង់ពន្ធជូនមន្ត្រីជំនាញដោយគ្មានវិក្កយបត្រនោះទេ។
ក្រុមឈ្មួញដឹកទំនិញបានបញ្ជាក់ឱ្យដឹងទៀតថា រាល់ថ្ងៃនេះ ពួកគាត់ជាអាជីវករដឹកទំនិញចេញពីទឹកដីថៃ ចូលមកស្រុកខ្មែរ តាមច្រកអន្តរជាតិដូង ដោយការដឹកជញ្ជូននេះគឺយកទៅលក់បន្តនៅឯផ្សារនាគមាស និងផ្សារដើមគរ នៅឯរាជធានីភ្នំពេញ។
អាជីវករម្នាក់ដែលជាអ្នកបើកឡានដឹកទំនិញម្នាក់ បានឱ្យដឹងដោយសុំមិនបញ្ចោញឈ្មោះថា ឡានរបស់គាត់បានដឹកទំនិញចេញពីច្រកអន្តរជាតិដូង ជារៀងរាល់ជើង ចាំបាច់ត្រូវរត់ការបង់ពន្ធរួចរាល់ហើយ ទើបអាចដឹកចេញមកស្រុកខ្មែរបាន ហើយការរត់ការបង់ថ្លៃដឹកទំនិញនេះដែរ គឺគាត់បានរត់ការបង់ទាំងភាគីខាងថៃ និងសមត្ថកិច្ចខ្មែរនៅច្រកដូង លុះពេលគាត់ដឹកចេញពីច្រកដូង មកដល់ចំណុចមុខស្នាក់ការគយ និងរដ្ឋាករច្រកដូង ស្ថិតនៅភូមិអូរដា ឃុំបឹងរាំង ស្រុកកំរៀង ឡានពួកគាត់តែងតែចូលបង់លុយនៅទីនោះម្តងទៀត តែខាងមន្ត្រីគយនោះ មិនដែលចេញក្រដាសស្នាម ឬវិក្កយបត្រអ្វីឱ្យនោះទេ គ្រាន់តែបង់លុយហើយពួកគាត់បន្តដំណើរទៅមុខជាបន្តបន្ទាប់ទៀត ព្រោះត្រូវចំណាយពេលច្រើនម៉ោង ទើបដល់គោលដៅ។
ពួកគាត់បានបន្តថា រាល់ថ្ងៃនេះ ការដឹកជញ្ជូនទំនិញរបស់ពួកគាត់ មិនហ៊ានដេញដោលសួរនាំទៅមន្ត្រីគយនៅស្នាក់ការរឿងបង់លុយទៅឱ្យពួកអស់លោកនោះទេ ហើយក៏មិនខ្វល់រឿងទាមទាររកក្រដាសស្នាមអ្វីដែរ ព្រោះគាត់ជាអ្នករកស៊ី បើហ៊ានសួរដេញដោលទៅ ខ្លាចគេកៀបពួកគាត់ ឬក៏ចាប់រថយន្តធ្វើការផាកពិន័យ។ ចឹងហើយជារៀងរាល់ជើង គឺតែងតែឈប់បង់លុយនៅស្នាក់ការអូរដា នេះជារៀងរាល់ជើងតែម្តង។
ចំណែកលោកជ័យ ជនតារា ប្រធានស្នាក់ការគយ និងរដ្ឋាករច្រកដូង ដែលកាន់ក្តោបទាំងផែស្ងួតផង ក្រុមការងារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោកបានទេ ដោយទូរស័ព្ទខលចូល ហើយគាត់និយាយតបមកវិញថា “ជាប់រវល់ប្រជុំ” រួចក៏បិទទៅវិញ។
ពាក់ព័ន្ធការដែលក្រុមឈ្មួញរកស៊ីដឹកទំនិញ បានបង់ប្រាក់ទៅឱ្យមន្ត្រីគយ និងរដ្ឋាករដូង មិនមានចេញវិក្កយបត្រនេះដែរ ប្រហែលជាមន្ត្រីក្រោមឱវាទរបស់លោកជ័យ ជនតារា យកក្រៅផ្លូវការហើយមើលទៅ បើមួយថ្ងៃៗឡានដឹក ទំនិញចេញពីទឹកដីថៃ ចូលមកស្រុកខ្មែរ ច្រើនដូចជាកណ្តៀរពូនភ្នំអ៊ីចឹង។
ជុំវិញរឿងមន្ត្រីគយ និងរដ្ធាករដូង ដែលគ្រប់គ្រងដោយលោកជ័យ ជនតារាទទួលប្រាក់ពីឈ្មួញដឹកទំនិញគ្រប់ប្រភេទ ដោយមិនមានចេញក្រដាសស្នាម ឬវិក្កយបត្របែបនេះ ប្រជាពលរដ្ឋបានសំណូពរដល់លោកយូ ហេង ដែលជាប្រធានសាខាគយ និងរដ្ធាករខេត្តបាត់ដំបង មេត្តាជួយពិនិត្យមើលមន្ត្រីថ្នាក់ក្រោមដែលនៅខាងច្រកដូង ដែលមានភាពមិនប្រក្រតីរឿងយកលុយពីអាជីវករហើយមិនមានក្រដាសស្នាមបែបនេះ…៕


