Monday, November 24, 2025
Homeព័ត៌មានជាតិជាប់គុកម្តងហើយ មិនរាងទៀត... ម្តងនេះយកស្បែកជើងគប់ឡានម្តង

ជាប់គុកម្តងហើយ មិនរាងទៀត… ម្តងនេះយកស្បែកជើងគប់ឡានម្តង

ខេត្តកណ្តាល ៖ ជនសង្ស័យជាមុខសញ្ញាទើបចេញពីពន្ធនាគារមិនបានប៉ុន្មានផង ក៏បានបង្កសកម្មភាពធ្វើឱ្យខូចខាតដោយចេតនាយកស្បែកជើងគប់រថយន្តរបស់គេ ដែលកំពុងបើកបរនៅតាមដងផ្លូវ ទីបំផុតក៏ត្រូវសមត្ថកិច្ចចុះឃាត់ខ្លួននាំយកទៅចាត់ការតាមច្បាប់បញ្ជូនចូលគុកម្តងទៀត។

ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង៨ និង១០នាទីយប់ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ២៦-២៧ (ភ្នំពេញ-អ្នកលឿង) ស្ថិតក្នុងភូមិស្តៅកន្លែង៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះសៀង វិច្ឆ័យណា ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុ មុខរបរមិនពិតប្រាកដ ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារម្តងរួចមកហើយ។ ចំណែកវត្ថុតាងចាប់យក រួមមាន ស្បែកជើងផ្ទាត់១ចំហៀង ពណ៌ខ្មៅ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុខាងលើ គេឃើញជនសង្ស័យកំពុងឈរទិញទឹកសុទ្ធនៅអែបចិញ្ចើមផ្លូវជាតិលេខ១ ស្រាប់តែពេលនោះក៏មានរថយន្តធុនធំ១គ្រឿង បើកបរទិសដៅភ្នំពេញ-អ្នកលឿងមកដល់ចំណុចកើតហេតុ ជនសង្ស័យក៏បានទាញស្បែងជើងគប់ទៅលើរថយន្តនោះរួចរត់គេចខ្លួនបាត់។

ដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អថា មានសកម្មភាពគប់រថយន្តនៅចំណុចកើតហេតុខាងលើ ភ្លាមនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋ បានចុះដល់ចំណុចកើតហេតុស្រាវជ្រាវយកព័ត៌មានកំណត់មុខសញ្ញា និងឃាត់ខ្លួនជនសង្ស័យខាងលើ យកមកសួរនាំនៅប៉ុស្តិ៍។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកស្បែកជើងគប់ទៅលើរថយន្តគេប្រាកដមែន ដោយមូលហេតុខឹងនឹងរថយន្តធំៗតែងតែបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយជនសង្ស័យក៏បានសារភាពទៀតថា កន្លងមកខ្លួនធ្លាប់បានប្រើប្រាស់គ្រឿងញៀន និងធ្លាប់ជាប់ពន្ធនាគារម្តងពីបទធ្វើឱ្យខូចខាតដោយចេតនា។

ក្រោយពីសួរនាំជនសង្ស័យត្រូវបានសមត្ថកិច្ច បញ្ចូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តចាត់ការតាមនីតិវិធី៕

RELATED ARTICLES