Monday, November 24, 2025
Homeព័ត៌មានជាតិបង្ក្រាបសង្វៀនមាន់តាមភូមិ តែក្នុងបន្ទាយអត់ហ៊ាន

បង្ក្រាបសង្វៀនមាន់តាមភូមិ តែក្នុងបន្ទាយអត់ហ៊ាន

ខេត្តកំពង់ស្ពឺ ៖ ក្រុមអ្នកញៀនល្បែងជល់មាន់មួយក្រុមត្រូវបានសមត្ថកិច្ចបង្ក្រាបរួម ជាមួយវត្ថុតាងមួយចំនួន នាំយកមកចាត់ការតាមផ្លូវច្បាប់។ ការបង្ក្រាបនេះត្រូវបានមជ្ឈដ្ឋានមួយចំនួនសាទរហើយមួយចំនួនទៀតរិះគន់ថា បង្ក្រាបតែតាមភូមិតូចតាច ចំណែកអ្នកបើកសង្វៀនធំ ជាមន្ត្រីយោធាជាន់ខ្ពស់ក្នុងបន្ទាយ​ អត់ហ៊ានទៅក្បែរ។

ការចុះបង្ក្រាបសង្វៀនមាន់នេះ គឺនៅរសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចព្រៃខាងជើង ភូមិក្រាំងស្វាយ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្រោយពេលនគរបាលស្រុកបានស្រាវជ្រាវដឹងថា ទីតាំងខាងលើនេះ មានជល់មាន់ ទើបកម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង បានចុះបង្ក្រាបតែម្តង។ ដោយឃាត់ខ្លួនក្រុមអ្នកញៀនល្បែងបានចំនួន៣នាក់។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា អ្នកញៀនល្បែងដែលឃាត់ខ្លួន ទី១-មានឈ្មោះគង់ វៃ អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិក្រាំងស្វាយ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ទី២-មានឈ្មោះសាន ភារម្យ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ នៅភូមិក្រាំងស្វាយ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងទី៣-មានឈ្មោះ ផល សំ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិឧកញ៉ាទេព ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ក្រោយឃាត់ខ្លួន នគរបាលដកហូតបានមាន់១ក្បាល ជញ្ជីងសម្រាប់ថ្លឹង១ បង់រុំជើងមាន់១ដុំ និងម៉ូតូចំនួន២គ្រឿងផងដែរ។

បច្ចុប្បន្នក្រុមអ្នកញៀនល្បែង រួមជាមួយវត្ថុតាងត្រូវបានកសាងសំណុំរឿងបន្ត ដើម្បីចាត់ការតាមផ្លូវច្បាប់។

ស្របពេលដែលស្រុកសំរោងទង បើកប្រតិបត្តិការបង្ក្រាបក្រុមអ្នកជល់មាន់នេះ ក៏មានការលើកឡើងថា ខាងស្រុកគងពិសី គួរណាស់តែបង្ក្រាបក្រុមអ្នកជល់មាន់នៅសាលាហ្វឹកហ្វឺនភ្នំស្រង់ ដែលគ្រប់គ្រងដោយលោកផ្កាយ៣ មួយរូបនោះផង។ សង្វៀនរបស់លោកផ្កាយ៣ តាមប្រភពគឺមានទទួលរហូតដល់ទៅ៣ម៉ឺនដុល្លារទៀតផង ហើយការលេងភ្នាល់មាន់រហូតគូខ្លះ១០.០០០ទៅ២០.០០០ដុល្លារ ក៏មាន។

បើតាមមន្ត្រីតូចតាចបានបង្ហើបថា កុំថាឡើយលោកអធិការសូម្បីថ្នាក់ស្នងការក៏មិនហ៊ានក្អកដែរ ព្រោះគេលេងក្នុងបន្ទាយយោធា សមត្ថកិច្ចមិនអាចចេញចូលបានតាមចិត្តនោះទេ គេមានកងការពារយាមកាម២៤ម៉ោង លើ២៤ម៉ោង មិនមែនជារឿងងាយស្រួលក្នុងការចុះទៅបង្ក្រាបនោះទេ។ ហេតុដូច្នោះហើយ សូមកុំបន្ទោសថា ហេតុអ្វីមិនចាប់បង្ក្រាប៕

RELATED ARTICLES