ភ្នំពេញ ៖ យុវជនជានិស្សិតម្នាក់ កំពុងជិះម៉ូតូនៅតាមដងផ្លូវសុខៗ ក៏ស្រាប់តែត្រូវរថយន្តដឹកខ្សាច់១គ្រឿង បើកបត់ចូលការដ្ឋាន ដោយ ខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកម៉ូតូពេញទំហឹង បណ្តាលឱ្យយុវជនរងគ្រោះ ស្លាប់នៅនឹងកន្លែងគួរឱ្យសង្វេគ បង្កឱ្យមានការ ភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣ និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវលេខ៣៧១ ស្ថិតក្នុងសង្កាត់ បឹងទំពុនទី២ ខណ្ឌមានជ័យ។
សាកសពជនរងគ្រោះមានឈ្មោះជា វិសាល អាយុ២១ឆ្នាំ ជានិស្សិតឆ្នាំទី២ នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ជំនាញសំណង់ ស៊ីវិល ស្នាក់នៅសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ និងមានស្រុកកំណើតនៅភូមិរំចេក៣ ឃុំរតនៈ ស្រុកស្វាយប៉ោ ខេត្តបាត់ដំបង។
តាមប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញយុវជនខាងលើ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង 1L-5856 ជិះតែម្នាក់ឯង ធ្វើដំណើតាមបណ្តោយផ្លូវ៣៧១ ទិសដៅពីកើតទៅលិច ក្នុងល្បឿនធម្មតា ខណៈមកដល់ចំណុចកើតហេតុ ក៏មានរថយន្តបែនដឹកខ្សាច់ធុនធំមួយគ្រឿង មិនចាំស្លាកលេខ ធ្វើដំណើរស្របទិសគ្នាជាមួយម៉ូតូរងគ្រោះក្នុងល្បឿនលឿនក៏ជ្រុលទៅបុកម៉ូតូរងគ្រោះពីក្រោយពេញទំហឹង បណ្តាលឱ្យដួលបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ភ្លាមៗនោះដែររថយន្តបង្កខាងលើបានបត់ឆ្វេងចូលទៅក្នុងការដ្ឋានសំណង់មួយកន្លែងនៅក្បែរកន្លែងកើតហេតុនោះ មួយសន្ទុះក្រោយក៏បើកចេញមកវិញគេចខ្លួនបាត់ស្រមោលទៅដោយសុវត្ថិភាព។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏ដូចជាសមត្ថកិច្ចជំនាញចរាចរណ៍បានចុះដល់កន្លែងកើតហេតុ រួចធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ និងធ្វើកំណត់ហេតុប្រគល់សពឱ្យទៅសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕







