ខេត្តកំពង់ស្ពឺ ៖ បុរស២នាក់បានទិញស្រា៥លីត្រមកផឹកស៊ីដូយគ្នា (ផឹក១ស្មើ) ដើម្បីរកជើងខ្លាំង លុះផឹកស្រាអស់ ស្រវឹងជោកជាំ ក៏ប្រះខ្លួនដេកក្បែរគ្នា ស្រាប់តែភ្លាមនោះ បុរសម្នាក់ក្នុងចំណោមនោះ បានកើតមានអាការក្អួតធ្លាក់ឈាមទាំងដុំៗ រហូតដល់ដាច់ខ្យល់ស្លាប់មួយរំពេច បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២និង១២នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ នៅចំណុចលើគ្រែមុខផ្ទះរបស់ ឈ្មោះមៀច សារ៉ន ភេទប្រុស អាយុ៥២ឆ្នាំ នៅចំណុចភូមិផ្សារសាមគ្គី សង្កាត់កណ្តោលដុំ ក្រុងច្បារមន។
បុរសជើងខ្លាំងដែលផឹកស្រារហូតដល់ក្អួតឈាមស្លាប់ មានឈ្មោះជា ជីហួច ហៅខួច អាយុ៣៦ឆ្នាំ មុខរបរកម្មករសំណង់ មានលំនៅ ក្នុងភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះគឺជាមនុស្សដែលមានជំងឺប្រចាំកាយជាយូរមកហើយ ប៉ុន្តែតែងតែផឹកស្រា ជាប់ជាប្រចាំ ហើយនៅមុនពេលកើតហេតុ ជនរងគ្រោះបានធ្វើដំណើរមកលេងកូនរបស់ខ្លួន នៅចំណុចភូមិឃុំកើតហេតុខាងលើ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ជនរងគ្រោះ និងឈ្មោះមួន សុភាស់ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិផ្សារសាមគ្គី សង្កាត់កណ្តោលដុំ ក្រុងច្បារមន បានអង្គុយផឹកស្រាដូយជាមួយគ្នា នៅចំណុចកើតហេតុខាងលើអស់៥លីត្រ រហូតដល់វេលាម៉ោង២និង១២នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ ទើបនាំគ្នាចូលដេកនៅក្បែរគ្នា។
ប្រភពខាងលើ បញ្ជាក់ថា លុះបន្តិចក្រោយមក ស្រាប់តែជនរងគ្រោះឈ្មោះជា ជីហួច ក្អួតចេញតាមមាត់ឈាមដុំៗជាច្រើនដង រួចក៏ដាច់ខ្យល់ស្លាប់តែម្តង ទើបធ្វើឱ្យកើតមានការភ្ញាក់ផ្អើលឡើងនិងរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា យោងតាមគ្រូពេទ្យកោសល្យវិច្ឆ័យ និងជំនាញបច្ចេកទេស បានបញ្ជាក់ឱ្យដឹងថា សាកសពខាងលើពិតជាស្លាប់ដោយសារផឹកស្រាច្រើនហួសកំណត់ខ្លាំងពេក ទើបង្កឱ្យក្អួតធ្លាក់ឈាមធ្ងន់ធ្ងរ បណ្តាលឱ្យស្ទះផ្លូវដង្ហើមបែបនេះ។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ទៅឱ្យក្រុមគ្រួសារដឹកទៅកាន់លំនៅដ្ឋាន ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕
