ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានក្រុមគ្រួសារអះអាងថា បានកើតមានជម្ងឺសរសៃប្រសាទប្រចាំកាយប៉ុន្មានឆ្នាំមកហើយ ព្យាបាលមិនជាសោះ ហើយឱ្យតែអាការជំងឺធ្វើទុក្ខម្តងៗ ចេះតែមានគំនិតខ្លីចង់សម្លាប់ខ្លួន ដោយធ្លាប់លោតពីលើផ្ទះសម្លាប់ខ្លួនម្តងរួចមកហើយ ប៉ុន្តែមិនស្លាប់ ស្រាប់តែលើកទី២ ខណៈដែលក្រុមគ្រួសារភ្លេចខ្លួន ក៏បានស្ទុះលោតចុះពីលើផ្ទះជាន់ទី១ បំណងសម្លាប់ខ្លួនមួយលើកទៀតបង្កឱ្យរងរបួសយ៉ាងធ្ងន់។
ហេតុការណ៍ដ៏ភ្ញាក់ផ្អើលខាងនេះ បានកើតឡើង កាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ ៦៤ែ១ ផ្លូវលេខ១៦៤ សង្កាត់អូរឬស្សី ខណ្ឌ៧មករា។
បុរសគិតខ្លីដែលប៉ុនប៉ងសម្លាប់ខ្លួន ដោយលោតចុះពីលើផ្ទះជាន់ទី១នេះ មានឈ្មោះអឹម រតនា ហៅជា អាយុ៣១ឆ្នាំ មុខរបរជាបុគ្គលិក ក្រុមហ៊ុន មានលំនៅក្នុងផ្ទះកើតហេតុខាងលើ។
តាមប្រភពព័ត៌មានពីឪពុកម្តាយរបស់ជនរងគ្រោះ បានឱ្យដឹងថា កូនប្រុសរបស់ពួកគាត់ (ជនរងគ្រោះ) បានកើតមានជំងឺសរសៃប្រសាទប្រចាំកាយប៉ុន្មានឆ្នាំមកហើយ ទោះជាខំព្យាបាលយ៉ាងណាក៏មិនជា ហើយយូរៗម្តងទើបធ្វើទុក្ខ ប៉ុន្តែអ្វីដែលលំបាកបំផុតនោះ គឺឱ្យតែជំងឺធ្វើទុក្ខ កូនប្រុសពួកគាត់ តែងតែចង់សម្លាប់ខ្លួនរហូត ដោយកន្លងមក គេធ្លាប់លោតពីលើផ្ទះសម្លាប់ខ្លួនម្តងរួចមកហើយ ប៉ុន្តែមិនស្លាប់។
ប្រភពដដែលបន្តថា លុះមកដល់ថ្ងៃកើតហេតុ នៅគ្រាដែលពួកគាត់រវល់ភ្លេចខ្លួន ក៏ស្រាប់តែកូនប្រុសរូបនេះ បានស្ទុះលោតចុះពីលើផ្ទះ ជាន់ទី១ បំណងសម្លាប់ខ្លួនម្តងទៀត ប៉ុន្តែនៅតែមិនស្លាប់ដដែល ដោយរងរបួសយ៉ាងធ្ងន់។
ក្រោយពេលកើតហេតុ ឪពុកម្តាយរបស់ជនរងគ្រោះបានដឹកបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត៕


