ខេត្តព្រៃវែង ៖ បុរសមានជំងឺសរសៃប្រសាទម្នាក់បានដាច់ចិត្តចងកសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោងប្រហែល៣ជាងរសៀល ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ នៅចំណុចខាងកើតផ្ទះចម្ងាយប្រមាណ១៥ម៉ែត្រ ក្នុងភូមិជីពាយ ឃុំព្រៃពោន ស្រុកកំពង់ត្របែក។
បុរសគិតខ្លីដែលចងកសម្លាប់ខ្លួន មានឈ្មោះអ៊ុក សាវាន អាយុ៤៤ឆ្នាំ (នៅលីវ) រស់នៅភូមិជីពាយ ឃុំព្រៃពោន ស្រុកកំពង់ត្របែក។
តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានឱ្យដឹងថា នៅមុនថ្ងៃកើតហេតុ២ថ្ងៃ អាការជំងឺរបស់ជនរងគ្រោះបានចាប់ផ្តើមធ្វើទុក្ខ ហើយបាននិយាយប្រាប់ឪពុកបង្កើតរបស់ខ្លួនថា លែងបានដាំតែឱ្យឪឯងហូបទៀតហើយ។ យ៉ាងណា ក្រុមគ្រួសារក៏មិនបានចាប់អារម្មណ៍អ្វីដែរ ស្រាប់តែមកដល់វេលាម៉ោងកើតហេតុខាងលើ ក៏ប្រទះឃើញជនរងគ្រោះបានចងកសម្លាប់ខ្លួនតែម្តង ធ្វើឱ្យកើតមានការផ្អើលឆោឡោនិងរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាបានចងកសម្លាប់ខ្លួនប្រាកដមែន ដោយប្រើក្រមានៅលើដើមស្វាយកម្ពស់ប្រហែល៥ម៉ែត្រ នៅខាងកើតផ្ទះចម្ងាយ១៥ម៉ែត្រ។ មូលហេតុដោយសារមានជំងឺប្រចាំកាយសរសៃប្រាសាទ។
សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕
