ខេត្តបាត់ដំបង ៖ ក្មេងស្រីតូចម្នាក់ ព្រោះតែជីដូនរវល់ការងារនៅក្នុងផ្ទះភ្លេចខ្លួន ក៏ដើរលេងនៅខាងក្រោយផ្ទះតែម្នាក់ឯង ក្រោយមកមិនដឹងជាយ៉ាងម៉េច ស្រាប់តែរអិលជើងធ្លាក់ចូលទឹកស្រះ បណ្តាលឱ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលា ម៉ោង៤ និង១០នាទីរសៀល ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ នៅចំណុចស្រះទឹកខាងក្រោយផ្ទះជីដូនរបស់ក្មេងស្រីរងគ្រោះ ស្ថិតក្នុងភូមិម៉ាណោក ឃុំតាលាស់ ស្រុកមោងឬស្សី។
ក្មេងស្រីរងគ្រោះដែលលង់ទឹកស្រះស្លាប់ មានឈ្មោះតឿត ទួន អាយុ២ខួប ស្នាក់នៅក្នុងបន្ទុកជីដូន មានលំនៅក្នុងភូមិឃុំកើតហេតុ ខាងលើ។
តាមសម្តីស្ត្រីជាជីដូនរបស់ក្មេងស្រីរងគ្រោះខាងលើ បានឱ្យដឹងថា ស្រះទឹកដែលចៅស្រីរបស់គាត់ដើរធ្លាក់ចូល បណ្តាលឱ្យលង់ស្លាប់នោះ គឺស្ថិតនៅពីខាងក្រោយផ្ទះរបស់គាត់ ចំងាយប្រហែល៨០ម៉ែត្រប៉ុណ្ណោះ។ ចំណែកចៅស្រីរបស់គាត់ សព្វថ្ងៃរស់នៅក្នុងបន្ទុករបស់គាត់ ខណៈដែលឪពុកម្តាយរបស់គេត្រូវជាកូនៗរបស់គាត់ បាននាំគ្នាចេញទៅធ្វើការរោងចក្រនៅឯទីក្រុងភ្នំពេញទាំង២នាក់ប្តីប្រពន្ធ អស់ទៅហើយ ដោយបានទុកកូន (ចៅស្រី) ឱ្យគាត់ជាជីដូន ជួយមើលថែនៅផ្ទះជារៀងរាល់ថ្ងៃ។
ស្ត្រីជាជីដូនក្មេងស្រីរងគ្រោះ បន្តថា នៅមុនពេលកើតហេតុ គាត់ជាប់ដៃធ្វើការងារនៅខាងក្នុងផ្ទះ ទើបបណ្តោយឱ្យចៅស្រីដើរលេង តែម្នាក់ឯងនៅក្បែរៗផ្ទះ ស្រាប់តែអកុសល ចៅស្រីគាត់បានដើរទៅលេងនៅខាងក្រោយផ្ទះ រួចក៏ដើរធ្លាក់ចូលទឹកស្រះ បណ្តាលឱ្យលង់ស្លាប់យ៉ាងអាណោចអាធ័មបែបនេះតែម្តង។
ស្ត្រីជាជីដូនរូបនេះ បញ្ជាក់ថា គាត់ពិតជាសោកស្តាយខ្លាំងបំផុត ចំពោះការបាត់បង់ចៅស្រី ដែលទើបនឹងមានវ័យ២ខួបប៉ុណ្ណោះ ហើយ នេះពិតជាកំហុសរបស់គាត់ ដែលមិនបានលើចៅឱ្យបានល្អ ទើបបានជាមានហេតុការណ៍នេះកើតឡើង។
លោកវរសេនីយ៍ ត្រី លីគឹម ហ៊ាង មេបញ្ជាការមូលដ្ធានកងរាជអាវុធហត្ថស្រុកមោង បានបញ្ជាក់ឱ្យថា ក្រោយកើតហេតុ សមត្ថកិច្ច ជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ក្មេងស្រីងគ្រោះខាងលើ ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។
សាកសពក្មេងស្រីរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ទៅឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
