ភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវថៅកែរបស់ខ្លួនឱ្យលុយចំនួន១,២០០ដុល្លារ យកទៅដូរនៅផ្សារទួលទំពូង ខណៈដែលគាត់កំពុងជិះម៉ូតូតាមផ្លូវក៏ត្រូវក្រុមចោរធ្វើសកម្មភាពឆក់យកកាបូបលុយបានសម្រេច ហើយជិះគេចខ្លួនបាត់ដោយសុវត្ថិភាព។
ករណីចោរឆក់កាបូបលុយខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវលេខ៤៥០ ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពពីស្ត្រីរងគ្រោះសុំមិនបញ្ចោញឈ្មោះ បានឱ្យដឹងថា មុនពេលកើតហេតុ រូបគាត់ត្រូវបានថៅកែឱ្យលុយចំនួន១,២០០ដុល្លារ យកទៅដូរនៅផ្សារទួលទំពូង ខណៈដែលគាត់កំពុងជិះម៉ូតូតាមផ្លូវដល់ចំណុចកើតហេតុខាងលើស្រាប់តែត្រូវជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក អែបមកក្បែររួចធ្វើសកម្មភាពឆក់យកកាបូបលុយគាត់ដែលដាក់នៅខាងមុខឃ្លប់ម៉ូតូបានសម្រេច ហើយជិះគេចខ្លួនបាត់ដោយសុវត្ថិភាពតែម្តង។
សម្ភារៈបាត់បង់ដែលមាននៅក្នុងកាបូបនោះ មានលុយចំនួន១២០០ដុល្លារ និងទូរស័ព្ទដៃមួយគ្រឿងផងដែរ។
ក្រោយពេលកើតហេតុ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅអន្តរាគមន៍ ដោយនាំស្ត្រីរងគ្រោះយកមកសាកសួរដើម្បីកំណត់មុខសញ្ញា និងភិនភាគងាយស្រួលស្រាវជ្រាវតាមចាប់ខ្លួនយកមកដាក់ទោសតាមច្បាប់៕

