ខេត្តកំពត ៖ យុវតីម្នាក់ត្រូវមនុស្សស្រីចរិតប្រុសម្នាក់ (ស្រីតែងប្រុស) ប្រលោមសុំស្នេហ៍ ក៏លង់ខ្លួនទទួលយកស្នេហ៍ភេទដូចគ្នា ដឹងអី! ប៉ះចំជើងល្អលួងលោមនាំដើរលេង រួចក៏ដោះយកគ្រឿងអលង្ការអស់ពីខ្លួនហើយក៏គេចខ្លួនបាត់ ទីបំផុត៣ថ្ងៃក្រោយមក ត្រូវយុវតីរងគ្រោះប្រទះឃើញក៏ឃាត់ខ្លួនប្រគល់ទៅឱ្យសមត្ថកិច្ចនាំយកទៅចាត់ការតាមច្បាប់។
ករណីយុវតីលង់ស្នេហ៍ភេទដូចគ្នា រហូតត្រូវគេលួងលោមដោះយកគ្រឿងអលង្ការអស់ពីខ្លួននេះបានកើតឡើងកាលពីវេលាម៉ោងនិង៣០នាទីព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ នៅចំណុចភូមិចង្ហោន ឃុំព្រែកត្នោត ស្រុកទឹកឈូ។ លុះមកដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យយកមកប្រគល់ឱ្យសមត្ថកិច្ច។
ជនសង្ស័យខាងលើ មានឈ្មោះលី មិនហ៊ួ ភេទស្រី (ស្រីចរិតប្រុស) អាយុ១៦ឆ្នាំ ជាកម្មករឡនំប៉័ង នៅសូសូ ស្រុកគីរីវង្ស ដែលមានទីតាំងស្ថិតនៅក្បែររង្វង់មូលកួរស្រូវ តាមបណ្តោយផ្លូវជាតិលេខ២ ខេត្តតាកែវ។
ដោយឡែក យុវតីរងគ្រោះមានឈ្មោះ ថ.ស.អ អាយុ១៨ឆ្នាំ ជាកម្មកររោងចក្របិតត្រាង (លីអូ)។
តាមសម្តីយុវតីរងគ្រោះខាងលើបានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ជនសង្ស័យឈ្មោះលី មិនហ៊ួ (ស្រីតែងខ្លួនជាប្រុស) បានមកសុំស្រឡាញ់នាង ចំណែកនាងពេលនោះដោយសារតែចាប់ចិត្តស្រឡាញ់គេដែរ ក៏បានទាក់ទងភ្ជាប់ស្នេហ៍គ្នាទៅ។
លុះមកដល់វេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ជនសង្ស័យក៏បបួលនាងទៅដើរលេងសាងអនុស្សាវរីយ៍ ដោយពេលនោះជនសង្ស័យបានលួងលោមនិងដោះយកគ្រឿង អលង្ការរបស់នាង ដែលរួមមាន ១-ខ្សែកប្លាកទីន តម្លៃ១លានរៀល, ២-ខ្សែកប្លាកទីន២ខ្សែ តម្លៃ៦៤ម៉ឺនរៀល, ៣-ទូរស័ព្ទធំម៉ាក Oppo A7 បញ្ចាំ១០ម៉ឺនរៀល, ៤-ចិញ្ចៀនមាស១វង់ ទម្ងន់មួយជី តម្លៃ៧០ម៉ឺនរៀល, ៥-ចិញ្ចៀនផ្លាកទីន ១វង់ទម្ងន់១ជី តម្លៃ៣០ម៉ឺនរៀល, ៦-ខ្សែជើងមួយខ្សែទម្ងន់៥ជី តម្លៃ១លានរៀល, ៧-លុយផ្ទាល់ខ្លួនចំនួន៨ម៉ឺនរៀល សរុបទឹកប្រាក់ទាំងអស់ចំនួន៤លាន៨សែន២ម៉ឺនរៀល។
យុវតីរងគ្រោះបានបន្តថា បន្ទាប់ពីលួងលោមដោះយកគ្រឿងអលង្ការពីខ្លួននាងអស់គ្មានសល់ហើយ ជនសង្ស័យក៏បានព្យាយាមគេចខ្លួនបាត់ស្រមោល។ រហូតមកដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ពោលគឺរំលងបាន៣ថ្ងៃ នាងក៏បានប្រទះឃើញជនសង្ស័យនៅចំណុចខាងលើ ក៏ចាប់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចតែម្តង។
ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចឃាត់ខ្លួនសួរនាំនិងរៀបចំកសាងសំណុំរឿងបញ្ជូនទៅចាត់ការតាមនីតិវិធី៕

