ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋព័ទ្ធចាប់បានស្វាគមន៍ម្នាក់មួយដៃម្នាក់ ជើងឡើងទ្រមខ្លួន ទើបប្រគល់ឱ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលយកទៅសួរនាំ បន្ទាប់ពីជនសង្ស័យរូបនេះធ្វើសកម្មភាពគាស់ផ្ទះដែលម្ចាស់មិននៅប៉ុនប៉ងលួចទ្រព្យ តែត្រូវអ្នកក្បែរខាងឃើញ ក៏ស្រែកឆោឡោឡើងនាំគ្នាដេញព័ទ្ធចាប់ក្របួចជាប់តែម្តង។
ហេតុការណ៍ដេញចាប់ជនសង្ស័យវ៉ៃទ្រមខ្លួននេះ បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៣និង១០នាទីរសៀល ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ នៅក្នុងភូមិតាងួន២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យដែលត្រូវឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចយកទៅចាត់ការតាមច្បាប់នេះ មានឈ្មោះកង ពៅ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យម្នាក់នេះឃើញម្ចាស់ផ្ទះមិននៅ មានសភាពស្ងាត់ល្អ ក៏ស្រាប់តែធ្វើសកម្មភាពគាស់ទ្វារប៉ុនប៉ងចូលលួចទ្រព្យសម្បត្តិ តែចៃដន្យដល់ថ្ងៃអស់លក្ខណ៍ត្រូវប្រជាពលរដ្ឋដែលរស់នៅក្បែរខាងប្រទះឃើញ ក៏ស្រែកឆោឡោឡើងផ្អើលដល់អ្នករស់នៅជុំវិញនាំគ្នាចេញព័ទ្ធចាប់បាន រួចស្វាគមន៍ម្នាក់មួយដៃមួយ ជើងឡើងទ្រមខ្លួន ទើបរាយការណ៍ទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលមូលដ្ឋាន ឱ្យមកទទួលយកទៅសាកសួរ។
ក្រោយទទួលបានសេចក្តីរាយការណ៍ព័ត៌មាន ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍បានចុះមកដល់ ហើយនាំខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងយកទៅប៉ុស្តិ៍ ដើម្បីសួរនាំនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕


