Monday, November 24, 2025
Homeព័ត៌មានជាតិទាល់តែអភិបាលខណ្ឌ រុញទៅលោកអធិការ ទើបមន្ត្រីប៉ូលិសប៉ុស្តិ៍គោកឃ្លាង ញាប់ដៃញាប់ជើង

ទាល់តែអភិបាលខណ្ឌ រុញទៅលោកអធិការ ទើបមន្ត្រីប៉ូលិសប៉ុស្តិ៍គោកឃ្លាង ញាប់ដៃញាប់ជើង

ភ្នំពេញ ៖ ប្រជាពលរដ្ឋអ្នករស់នៅក្នុងភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បានហួសចិត្តនឹងលោកប៉ូលិសប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង ខណៈអ្នកភូមិទៅដាក់ពាក្យបណ្តឹង ក្រោយពីមានចោរចូលទៅគាស់ទ្វារផ្ទះ កាលពីម៉ោង០៣និង២០នាទីទៀបភ្លឺ ថ្ងៃទី២៦ ខែ សីហា ឆ្នាំ២០១៩ ប៉ុន្តែមន្ត្រីប៉ូលិសប៉ុស្តិ៍ បែរជារុញពីមួយទៅមួយ ដូចជាមិនយកចិត្តទុកដាក់ចំពោះទុក្ខកង្វល់របស់ប្រជាពលរដ្ឋទាល់តែសោះ។

ជនរងគ្រោះដែលត្រូវចោរចូលគាស់ផ្ទះ ឈ្មោះអ៊ុំ វិវឌ្ឍន៌ បានរៀបរាប់ថា នៅម៉ោង៣និង២០នាទីទៀបភ្លឺ ផ្ទះរបស់គាត់ត្រូវចោរចូលគាស់ តែមិនបានសម្រេចនោះទេ ដោយសារគាត់ជាម្ចាស់ផ្ទះដឹងខ្លួនទាន់ និងបានស្រែកឆោឡោ ធ្វើឱ្យចោរភ័យរត់គេចខ្លួនបាត់ស្រមោល។ លុះព្រឹកឡើង គាត់បានទៅប្តឹងប៉ូលិសប៉ុស្តិ៍ ដើម្បីស្រាវជ្រាវ បែរជាមន្ត្រីប៉ូលិសរុញពីមួយទៅមួយ ហាក់បីដូចជាមិនយកចិត្តទុកដាក់សោះ។

ក្រោយពីទទួលព័ត៌មានពីករណីនេះ លោកម៉ូវ មានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ បានបញ្ជូនបន្តទៅលោកអធិការប៉ូលិសខណ្ឌ ទើបឃើញមានមន្ត្រីរដ្ឋបាលប៉ុស្តិ៍គោកឃ្លាង ចុះទៅដល់ផ្ទះកើតហេតុសួរនាំពីករណីចោរកម្មនេះ។

ជុំវិញការរិះគន់ពីភាពអសកម្មរបស់មន្ត្រីប៉ូលិសប៉ុស្តិ៍គោកឃ្លាង នេះ លោកវរសេនីយ៍ត្រី ដួង វណ្ណៈ បានបញ្ជាក់ថា ករណីនេះលោកមិនដឹងទេ ដោយសារតែលោករវល់ទៅការពារផ្លូវថ្នាក់ដឹកនាំ ដែលធ្វើដំណើរឆ្លងកាត់។ លោកក៏បានស្តីបន្ទោសមន្ត្រីប៉ូលិសអនុប៉ុស្តិ៍ម្នាក់ដែលបានដឹងរឿងនេះហើយ មិនរាយការណ៍ប្រាប់លោក។

ប្រជាពលរដ្ឋបាននិយាយថា កន្លងមកពួកគាត់បានឮលោក ស ថេត អគ្គស្នងការរងនិងជាស្នងការប៉ូលិស រាជធានីភ្នំពេញ ធ្លាប់បានព្រមានករណីប៉ូលិសមិនទទួលពាក្យបណ្តឹងរបស់បងប្អូនប្រជាពលរដ្ឋផងដែរ ប៉ុន្តែហាក់បីដូចជា មិនមានប្រសិទ្ធភាពសោះ៕

RELATED ARTICLES