ភ្នំពេញ ៖ យុវជនម្នាក់ព្រោះតែកើតមានវិបត្តិផ្លូវចិត្តរឿងគ្រួសារ ទើបឆ្លៀតពេលម្តាយមិននៅផ្ទះរវល់ចេញទៅដើរលាងចានឱ្យគេនៅតាមហាង ក៏សម្រេចចិត្តគិតខ្លីចងកសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ នៅចំណុចក្នុងផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។
យុវជនគិតខ្លីដែលចងកសម្លាប់ខ្លួន មានឈ្មោះរឿន សុធារិទ្ធ អាយុ២៥ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ២៣៧ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។

តាមសម្តីស្ត្រីឈ្មោះអោម កែវ អាយុ៥០ឆ្នាំ ត្រូវជាម្តាយរបស់យុវជនរងគ្រោះខាងលើ បានរៀបរាប់ប្រាប់ថា កូនប្រុសរបស់គាត់មួយរយៈនេះ មានបញ្ហាក្នុងគ្រួសារខ្លះៗ (មិនប្រាប់ថាបញ្ហាអ្វីនោះទេ)។ នៅមុនពេលកើតហេតុ ពេលព្រឹកឡើងរូបគាត់បានចេញពីផ្ទះទៅធ្វើការលាងចានឱ្យគេនៅតាមហាង ចំណែកជនរងគ្រោះជាកូននៅជាមួយប្អូនម្នាក់ទៀតមានជំងឺសរសៃប្រសាទ។
ស្ត្រីជាម្តាយបន្តថា លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ពេលដែលគាត់ជាម្តាយត្រឡប់មកពីធ្វើការដល់ផ្ទះវិញក៏បើកទ្វារចូលក្នុងផ្ទះ រួចគោះទ្វារបន្ទប់ហៅកូនប្រុស (ជនរងគ្រោះ) តែកូនប្រុសនោះមិនឆ្លើយសោះ ទើបគាត់បានដើរទៅអើតមើលតាមប្រឡោះជញ្ជាំងបន្ទប់ ស្រាប់តែប្រទះឃើញកូនប្រុសរបស់គាត់បានចងកសម្លាប់ខ្លួនបាត់ទៅហើយ ទើបស្រែកឆោឡោហៅអ្នកជិតខាងឱ្យមកជួយនិងរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យនិងធ្វើកោសល្យវិច្ច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយចងកធ្វើអត្តឃាតប្រាកដមែន។ មូលហេតុដោយសារតែមានវិបត្តិផ្លូវចិត្តរឿងគ្រួសារ។
សាកសពយុវជនរងគ្រោះខាងលើត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ទៅឱ្យសាច់ញាតិ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕