ខេត្តកំពង់ធំ ៖ ក្មេងប្រុសមានសតិមិនប្រក្រតីម្នាក់ត្រូវម្តាយបណ្តោយឱ្យដើរលេងក្បែរៗផ្ទះតែម្នាក់ឯង ខណៈដែលម្តាយរវល់ធ្វើការងារនៅក្នុងផ្ទះ ស្រាប់តែអកុសលក្មេងប្រុសរូបនោះបានដើរទៅលេងក្បែរអណ្តូងទឹក (អណ្តូងលូ) រួចក៏រអិលជើងធ្លាក់ចូលអណ្តូង បណ្តាលឱ្យលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះបានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ នៅចំណុចអណ្តូងទឹក ក្បែរផ្ទះក្មេងប្រុសរងគ្រោះ ស្ថិតក្នុងភូមិត្រពាំងឈូក ឃុំជ្រលង ស្រុកតាំងគោក។

ក្មេងប្រុសរងគ្រោះដែលធ្លាក់អណ្តូងទឹកស្លាប់ មានឈ្មោះភាព វណ្ណ ភេទប្រុស អាយុ៨ឆ្នាំ ជាក្មេងមានសតិមិនប្រក្រតី សព្វថ្ងៃរស់នៅក្នុងបន្ទុកឪពុកម្តាយ និងមានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីក្រុមគ្រួសារក្មេងប្រុសរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ស្ត្រីជាម្តាយក្មេងប្រុសរងគ្រោះរវល់ធ្វើការងារនៅក្នុងផ្ទះ ទើបបណ្តោយឱ្យកូនប្រុស (ក្មេងប្រុសរងគ្រោះ) ដើរលេងនៅក្បែរៗផ្ទះតែម្នាក់ឯង លុះមួយសន្ទុះក្រោយមកដោយសារស្ងាត់មាត់កូនប្រុសយូរពេក ទើបស្ត្រីជាម្តាយនឹកឆ្ងល់ក៏ស្រែកហៅកូន ប៉ុន្តែមិនឮសំឡេងឆ្លើយតប ទើបនាំគ្នាផ្អើលឆោឡោដើរតាមរក ស្រាប់តែប្រទះឃើញកូនប្រុសស្លាប់នៅក្នុងអណ្តូងទឹកបាត់ទៅហើយ ទើបស្រង់ឡើងមកលើគោក រួចរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះពិនិត្យតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ក្មេងប្រុសរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។ មូលហេតុដោយសារតែក្មេងប្រុសរងគ្រោះរត់លេងក្បែរអណ្តូងទឹក បណ្តាលឱ្យធ្លាក់លង់ស្លាប់ដោយខ្លួនឯង។
សាកសពក្មេងប្រុសរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕