ភ្នំពេញ ៖ បុរសម្នាក់បានអះអាងថា ប្តីប្រពន្ធគាត់ប្រឹងរកស៊ីទាំងត្រដាបត្រដួសទម្រាំសន្សំលុយកាក់ទិញបានដីធ្លីម៉ូតូនិងទ្រព្យសម្បត្តិតិចតួច ក៏ស្រាប់តែនៅសុខៗប្រពន្ធរបស់គាត់បានប្រមូលលក់ខ្ទេចអស់គ្មានសល់ រួចក៏វេចលុយរត់បាត់ មិនដឹងទៅដល់ណាអស់រយៈពេល១១ថ្ងៃមកហើយ ទើបធ្វើឱ្យគាត់ព្រួយបារម្ភពីសុវត្ថិភាពប្រពន្ធផង ខ្លាចចាញ់ល្បិចបោកប្រាស់គេផង ក៏ដង្ហោយហៅឱ្យប្រពន្ធត្រឡប់មកវិញដោះស្រាយគ្នាឱ្យបានច្បាស់លាស់។

បុរសអភ័ព្វដែលត្រូវប្រពន្ធលក់ដីវេចលុយរត់ចោលបាត់នេះ មានឈ្មោះចេង ពិសិដ្ឋ អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

ចំណែកស្ត្រីជាប្រពន្ធដែលបានចាកចោលផ្ទះចោលប្តីដោយមិនដឹងមូលហេតុនោះ មានឈ្មោះសៅ រដ្ឋា អាយុ៣១ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅជាមួយគ្នា និងមានស្រុកកំណើតនៅភូមិព្រែកឪជ្រឹង (ក) ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

បុរសអភ័ព្វខាងលើបានបញ្ជាក់ប្រាប់សមត្ថកិច្ចថា ប្រពន្ធរបស់គាត់បានចុះចោលផ្ទះតាំងពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ រហូតមកដល់ព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩នេះ នៅមិនទាន់មានដំនឹងនៅឡើយ ទើបគាត់រត់មករកសមត្ថកិច្ចឱ្យជួយអន្តរាគម៍តែម្តង។

តាមសម្តីបុរសជាប្តីរូបនេះ បានរៀបរាប់ប្រាប់ថា ប្តីប្រពន្ធពួកគាត់បានរៀបការនឹងគ្នាត្រឹមត្រូវតាមច្បាប់ គិតមកដល់សព្វថ្ងៃមានរយៈពេលជាង៣ឆ្នាំមកហើយ ដោយមិនទាន់មានកូនចៅជាមួយគ្នានៅឡើយទេ។ ក្រោយមកពួកគាត់ទាំង២នាក់ប្តីប្រពន្ធបានដឹកដៃគ្នាឡើងមកធ្វើការនៅភ្នំពេញ ដោយខំសន្សំប្រាក់កាសមិនហ៊ានចាយវាយផ្តេសផ្តាសឡើយ រហូតដល់មានលទ្ធភាពទិញបានដីធ្លី ម៉ូតូ ក៏ដូចសម្ភារមួយចំនួនដើម្បីទុកប្រើប្រាស់ក្នុងគ្រួសារ។

បុរសជាប្តី បន្តថា នៅមុនពេលកើតហេតុ ពោលគឺនៅមុនពេលដែលប្រពន្ធរបស់គាត់រត់ចោលផ្ទះបាត់នោះ ប្តីប្រពន្ធគាត់បានឈ្លោះប្រកែកគ្នាមួយប៉្រាវ ដោយសារតែរឿងប្រពន្ធលក់អស់នូវរបស់របរប្រើប្រាស់ ដូចជាម៉ូតូ និង ទ្រព្យសម្បត្តិ ព្រមទាំងលក់ដីធ្លីអស់ទៀត ទើបគាត់នឹកឆ្ងល់ហៅប្រពន្ធមកសួរនាំ ទើបធ្វើឱ្យកើតមានទំនាស់ពាក្យសម្តីនឹងគ្នាទៅ។

ស្រាប់តែស្អែកឡើងប្រពន្ធក៏វេចបង្វេចវេចទាំងលុយកាក់ទាំងអស់ចុះចោលផ្ទះបាត់ ចំណែកគាត់ដំបូងឡើយគិតថាប្រហែលជាប្រពន្ធមិនទៅណា យូរទេ ទើបបណ្តោយឱ្យនាងទៅមួយឆាវទៅចាំដល់ពេលស្ងប់អារម្មណ៍ត្រជាក់ចិត្តរៀងខ្លួន ចាំដោះស្រាយគ្នាទៀត ដឹងអី! ចាំបាត់ៗពីមួយថ្ងៃទៅមួយថ្ងៃដូចសង្ឃឹមផ្កាយលើមេឃ។

ទើបមកដល់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ បន្ទាប់ពីប្រពន្ធបាត់ខ្លួន១១ថ្ងៃដោយគ្មានដំណឹងបន្តិចណាសោះ ទើបកាត់សម្រេចចិត្តរត់មកសុំអន្តរាគមន៍ពីសមត្ថកិច្ច និងសូមសំណូមពរដល់ប្រពន្ធសូមចូលមកដោះស្រាយគ្នាតាមសន្តិវិធី៕