ភ្នំពេញ ៖ បុរសម្នាក់បានកើតមានទំនាស់ពាក្យសម្តីជាមួយប្រពន្ធតិចតួចពីរឿងប្រពន្ធ បបួលទៅស្រុកកំណើតរង់ចាំសម្រាលកូន តែប្តីមិនព្រមទៅ លុះទាស់សម្តីគ្នាចប់ ស្រាប់តែបុរសជាប្តីឈឺចិត្តស្អិតទ្រូងសម្រេចចិត្តគិតខ្លីចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ស្នាក់នៅ ទាំងដែលប្រពន្ធរបស់ខ្លួនកំពុងមានផ្ទៃពោះជិតគ្រប់ខែសម្រាលទៅហើយ។

ករណីខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៤ និង៣០នាទីល្ងាច ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចមុខផ្សារអ៊ីអន ក្នុងដីឡូតិ៍១កន្លែង ដែលក្រុមហ៊ុនសាងសង់ជាបន្ទប់ៗឱ្យកម្មករសំណង់ស្នាក់ នៅស្ថិតក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
បុរសគិតខ្លីដែលចងកសម្លាប់ខ្លួន មានឈ្មោះហេង ចាន់ទ្រា អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានប្រពន្ធកំពុងពពោះ៨ខែ ស្នាក់នៅកន្លែងកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិខ្វាវលិច ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

យោងតាមសម្តីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឱ្យដឹងថា ដំបូងឡើយគេឃើញ២នាក់ប្តីប្រពន្ធដើររកបន្ទប់ដេក ខណៈមកដល់បន្ទប់កន្លែងកើតហេតុខាងលើ ក៏រុញទ្វារបន្ទប់មើល ក៏ស្រាប់តែឃើញជនរងគ្រោះខាងលើចងកនឹងខ្សែអង្រឹងភ្ជាប់ទៅនឹងធ្នឹមឈើខាងលើជាប់នឹងដំបូលស្លាប់បាត់ទៅហើយ។

ប្រភពដដែលបានបន្តទៀតថា ពេលឃើញបែបនេះ ២នាក់ប្តីប្រពន្ធភ័យស្លន់ស្លោស្រែកប្រាប់គេឯង និងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឱ្យចុះមកកន្លែងកើតហេតុ ហើយក៏ទាក់ទងខាងជំនាញមកធ្វើកោសល្យវិច័យ។

តាមសម្តីអ្នករស់នៅជិតបន្ទប់ បានបញ្ជាក់ប្រាប់ថា ជនរងគ្រោះជាមនុស្សញៀនថ្នាំជាយូរមកហើយ មិនដែលឃើញធ្វើការអីនោះទេ បានប្រពន្ធដើរបោកខោអាវឱ្យគេបានលុយគ្រាន់ចាយ។ មុនកើតហេតុ២ថ្ងៃ ប្រពន្ធបានសុំទៅស្រុកកំណើត ដើម្បីរង់ចាំឆ្លងទន្លេពីព្រោះជិតដល់ថ្ងៃកើតកូនហើយឱ្យប្តីទៅដែរ តែប្តីមិនព្រមទៅ ហើយមកចងកស្លាប់បែបនេះទៅវិញ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនប្រាកដមែន រួចក៏ធ្វើកំណត់ហេតុប្រគល់សពឱ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តទឹកថ្លា៕