Monday, November 24, 2025
Homeព័ត៌មានជាតិឪពុកគ្មានទ្រព្យធនទេ មានតែស្នើសមត្ថកិច្ចជួយអន្តរាគមន៍ វិលវិញមកកូន

ឪពុកគ្មានទ្រព្យធនទេ មានតែស្នើសមត្ថកិច្ចជួយអន្តរាគមន៍ វិលវិញមកកូន

ភ្នំពេញ ៖ ក្មេងស្រីវ័យជំទង់ម្នាក់បានបាត់ចេញពីផ្ទះជាច្រើនថ្ងៃមកហើយ មិនដឹងថាទៅដល់ទីណា​ជាហេតុធ្វើឱ្យឪពុកម្តាយព្រួយបារម្ភពីសុខទុក្ខកូនស្រីខ្លាចត្រូវមនុស្សមិនល្អបោកបញ្ឆោត ក៏ដង្ហោយហៅកូនស្រីឱ្យវិលត្រឡប់មកផ្ទះវិញជាបន្ទាន់។

ក្មេងស្រីដែលបាត់ខ្លួនចេញពីផ្ទះជិត១០ថ្ងៃ មានឈ្មោះម៉ឺង ម៉ារ៉ាឌី អាយុ១៤ឆ្នាំ មុខរបរសិស្ស មានលំនៅក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។

តាមសម្តីបុរសឈ្មោះម៉ឺង ដារ៉ា អាយុ៣៥ឆ្នាំ ត្រូវជាឪពុករបស់ក្មេងស្រីដែលបាត់ខ្លួនខាងលើ បានឱ្យដឹងថា កូនស្រីរបស់គាត់បានបាត់ខ្លួនចេញពីផ្ទះតាំងពីវេលាម៉ោង៥ល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ដោយមិនដឹងមូលហេតុនិងមិនដឹងជាទៅដល់ទីណាជាមួយអ្នកណានោះទេ។ ជាហេតុធ្វើឱ្យគាត់មានការព្រួយបារម្ភពីសុខទុក្ខកូនស្រី ខ្លាចក្រែងមានជនខិលខូចចាប់យកទៅជួញដូរឬធ្វើអាជីវកម្មផ្សេងៗ ឬដោយប្រការណាមួយ។

បុរសជាឪពុកក្មេងស្រីខាងលើ បានបញ្ជាក់ថា ដោយសារតែជីវភាពគ្រួសាររបស់គាត់មានសភាពក្រីក្រលំបាក រកព្រឹកខ្វះល្ងាច ហេតុនេះគ្មានលទ្ធភាពគ្រប់គ្រាន់ដើម្បីតាមរកកូនស្រីនោះទេ ដូចនេះមានតែស្នើសុំអន្តរាគមន៍ពីសមត្ថកិច្ចមេត្តាជួយស្រាវជ្រាវតាមរកកូនស្រីរបស់គាត់ឱ្យត្រឡប់មកវិញផង។

ជាមួយនេះ ក្រុមគ្រួសារក្មេងស្រីខាងលើ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានប្រទះឃើញក្មេងស្រីដែលមានភិនភាគដូចក្នុងរូបថត មេត្តាជួយផ្តល់ដំណឹងដល់ក្រុមគ្រួសារគាត់ តាមរយៈបណ្តាញព័ត៌មានដែលបានផ្សព្វផ្សាយផង។

មិនតែប៉ុណ្ណោះ បុរសជាឪពុករូបនោះបានទទូចអង្វរកូនស្រីឈ្មោះម៉ឹង ម៉ារ៉ាឌី បើបានឮដំណឹងនេះហើយ សូមកូនប្រញាប់វិលត្រឡប់មកផ្ទះវិញ ព្រោះឪពុកម្តាយកំពុងមានជំងឺ និងមិនប្រកាន់ទោសពៃរ៍អ្វីឡើយ៕

RELATED ARTICLES