Monday, November 24, 2025
Homeព័ត៌មានជាតិដុតធូបថ្វាយអាសនៈ ឆេះស្នាក់ការមេព្រៃ

ដុតធូបថ្វាយអាសនៈ ឆេះស្នាក់ការមេព្រៃ

ខេត្តកំពង់ស្ពឺ ៖ ស្នាក់ការរបស់រដ្ឋបាលព្រៃឈើមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះ រួមទាំងរបស់របរមួយចំនួនអស់គ្មានសល់ ដោយសារតែភ្លើងធូបដែលមន្ត្រីដុតលើអាសនៈ ហើយមិនបានចាប់អារម្មណ៍មើល ទើបឆេះរាលដាលតែម្តង។

ហេតុការណ៍អគ្គិភ័យឆេះស្នាក់ការមេព្រៃនេះ បានកើតឡើងកាលពីវេលាថ្ងៃត្រង់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ នៅត្រង់ចំណុច អូររទេះភូក ស្ថិតក្នុងភូមិថ្នល់ទទឹង ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

តាមប្រភពពីមន្ត្រីនគរបាលមូលដ្ឋានបានប្រាប់ឱ្យដឹងថា អគារស្នាក់ការរបស់រដ្ឋបាលព្រៃឈើ ដែលត្រូវអគ្គិភ័យឆាបឆេះពន្លត់មិនឈ្នះ១ខ្នងនេះ ទំហំ១២ម៉ែត្រគុណនឹង២០ម៉ែត្រ សង់អំពីឈើជញ្ជាំងក្តារ ប្រក់ស័ង្កសីឆេះអស់ទាំងស្រុង រួមទាំងម៉ូតូចំនួន១គ្រឿងម៉ាកហុងដា វ៉េវ, ប្រាក់រៀលចំនួន៤៥ម៉ឺនរៀល, ផ្ទាំងសូឡា មួយឈុត, ម៉ាស៊ីនកាត់ឈើ (ត្រង់សឺន័រ) ដែលដកហូតបានពីជនល្មើសចំនួន៣គ្រឿង និងសម្ភារៈប្រើប្រាស់មួយចំនួនអស់គ្មានសល់។

ប្រភពពីមន្ត្រីរដ្ឋបាលព្រៃឈើ ដែលប្រចាំការនៅទីនោះ ប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ មានមន្ត្រីអុជធូបថ្វាយអាសនៈ ហើយមិនបានយកចិត្តទុកដាក់មើល ទើបឆេះដល់ជើងធូបក៏រាលដាលឆេះសន្ធោសន្ធៅតែម្តង ទើបធ្វើឱ្យឆោឡោ មានការអន្តរាគម៍ពីសមត្ថកិច្ចជួយពន្លត់ ទើបរថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនស៊ូហ្គ័រនិងមកជួយ ប៉ុន្តែមិនអាចទ្រោលសភាពឆេះនោះ ឱ្យអន់ថយបានឡើយ គឺអ្វីៗបានឆេះអស់តែម្តង។

ទោះជាយ៉ាងណា ហេតុការណ៍នេះក្រៅពីឆេះបំផ្លាញស្នាក់ការ និងទ្រព្យរបស់ពុំបង្កឱ្យនរណាម្នាក់រងគ្រោះថ្នាក់នោះទេ៕

RELATED ARTICLES