Monday, November 24, 2025
Homeព័ត៌មានជាតិបងប្រុសហ្នឹងចឹងទៀត ឆ្លើយតែមួយម៉ាត់ទៅ ចប់ហើយ

បងប្រុសហ្នឹងចឹងទៀត ឆ្លើយតែមួយម៉ាត់ទៅ ចប់ហើយ

ខេត្តកំពង់ធំ ៖ បុរសម្នាក់ទើបនឹងត្រឡប់មកពីធ្វើការសំណង់នៅភ្នំពេញវិញ ចេះតែមានទឹកមុខស្រងូតស្រងាត់អង្គុយសញ្ជប់សញ្ជឹង មិនស្តីរកអ្នកណាទាំងអស់ លុះប្អូនប្រុសឃើញសភាពចម្លែកក៏ចូលទៅសួរនាំថាកើតអី? បែរជាបងប្រុសមិនព្រមឡើយ រួចដើរចេញទៅបាត់ លុះបាត់យូរពេកប្អូនប្រុសតាមទៅរកមើលក៏ប្រទះឃើញបងប្រុសចងកសម្លាប់ខ្លួននៅលើដើមត្របែកបាត់ទៅហើយ។

ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ នៅចំណុចដើមត្របែកខាងក្រោយផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិសាគ្រាមត្បូង ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក។

បុរសគិតខ្លីដែលចងកសម្លាប់ខ្លួនដោយមិនដឹងមូលហេតុ មានឈ្មោះផេង ភ័ក្រ អាយុ៤២ឆ្នាំ មុខរបរកម្មករសំណង់ មានលំនៅក្នុង ភូមិឃុំកើតហេតុខាងលើ។

តាមសម្តីរបស់ឈ្មោះផេង ភ័ណ្ឌ ភេទប្រុស អាយុ២១ឆ្នាំ ត្រូវជាប្អូនបង្កើតរបស់ជនរងគ្រោះ បានបញ្ជាក់ប្រាប់ថា គាត់និងបងប្រុស ជាកូនកំព្រាឪពុកម្តាយស្លាប់ចោលអស់ទៅហើយ សព្វថ្ងៃរស់នៅជាមួយម្តាយមីងបង្កើត។

នៅមុនពេលកើតហេតុ បងប្រុសរបស់គាត់ទើបនឹងត្រឡប់មកពីធ្វើការសំណង់នៅឯទីក្រុងភ្នំពេញវិញ ពេលមកដល់ផ្ទះគាត់មិនសូវមាត់កដាក់អ្នកផ្ទះសោះ ដូចជាប្លែកៗមិនដឹងយ៉ាងម៉េចនោះទេ។ ឃើញអាការៈបងដូច្នេះ នៅថ្ងៃកើតហេតុក្រោយពីហូបបាយថ្ងៃត្រង់រួច ម៉ោងប្រហែល១២ គាត់បានមកអង្គុយលេងជាមួយបងប្រុសនៅក្រោមផ្ទះ ហើយក៏បានសួរបងរបស់គាត់ថា “បងៗឯងកើតអី? តើមានរឿងហេតុអីបានជាមិននិយាយស្តីអ្វីសោះអ៊ីចឹង?” ពេលនោះបងប្រុសមិនបានតបសម្តីអ្វីទាំងអស់ ហើយក៏ក្រោកដើរចេញបាត់ទៅ។

លុះដល់ម៉ោងប្រហែល៤និង៣០នាទីរសៀលថ្ងៃដដែល ពេលគាត់ត្រឡប់មកដល់ផ្ទះវិញ ស្រាប់តែក្មួយស្រីម្នាក់បានរត់មកប្រាប់ថា “ពូៗ ខ្ញុំឃើញពូភ័ក្រ ដើរទៅកើតយូរណាស់ហើយ អត់ដឹងទៅធ្វើអីទេ?” ឮដូចនោះគាត់ក៏ដើរទៅខាងក្រោយផ្ទះដើម្បីរកមើលបងប្រុស ស្រាប់តែប្រទះឃើញបងប្រុសបានធ្វើអត្តឃាតដោយចងកនឹងក្រមាពណ៌ក្រហមឆ្នូតបៃតងជាប់ងដើមត្របែកខាង ក្រោយផ្ទះស្លាប់បាត់ទៅហើយមិនដឹងតាំងពីពេលណាទេ។

ក្រោយទទួលព័ត៌មានភ្លាមកម្លាំងជំនាញនគរបាលស្រុក និងនគរបាលប៉ុស្តិ៍សាគ្រាម បានចុះដល់កន្លែងកើតហេតុនិងពិនិត្យសាកសពមានស្នាមជាំជុំវិញក១កន្លែង ក្រៅពីស្លាកស្នាមខាងលើពុំឃើញមានអ្វីទៀតឡើយ សន្និដ្ឋានបានថា ជនរងគ្រោះពិតជាស្លាប់ដោយសារធ្វើអត្តឃាតដោយខ្លួនឯងប្រាកដមែន មិនពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌណាមួយឡើយ។

សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES