ភ្នំពេញ ៖ ស្ត្រីម្នាក់តាំងខ្លួនជាមន្ត្រីរាជការយកឈ្មោះថ្នាក់ដឹកនាំមកប្រើល្បិចក្នុងរូបភាពជ្រើសរើសចូលក្របខ័ណ្ឌនគរបាលជាតិ ដោយទាមទារឱ្យបង់លុយក្នុងម្នាក់ៗ២៥០០ដុល្លារ ទៅ៣៥០០ដុល្លារ ជាថ្នូរនឹងការចូលក្របខណ្ឌដោយងាយៗលុះបានលុយដល់ដៃក៏ដើរស៊ីចាយហ៊ឺហា រហូតជនរងគ្រោះភ្ញាក់ខ្លួនក៏នាំគ្នាដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ជាហេតុធ្វើឱ្យស្ត្រីសង្ស័យភ័យព្យាយាមរត់គេចខ្លួនដែរ តែរត់មិនរួចក៏ជាប់អន្ទាក់សមត្ថកិច្ច។

ស្ត្រីសង្ស័យខាងលើត្រូវបានសមត្ថកិច្ចកោះហៅចូលខ្លួនបំភ្លឺ កាលពីល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ នៅផ្នែកជំនាញអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ។ ដោយមិនអាចលាក់បាំងនូវទង្វើរបស់ខ្លួនបាន ទើបស្ត្រីសង្ស័យរូបនោះបានឆ្លើយសារភាព ប៉ុន្តែគ្មានលុយសងទៅជនរងគ្រោះវិញក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីចាត់ការតាមនីតិវិធី។

ស្ត្រីសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះឈាង ផល្លា ហៅពៅ អាយុ៤៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅផ្ទះលេខ៧៧ ផ្លូវ១២៣ ភូមិសាមគ្គី៣ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនរងគ្រោះដែលបានមកដាក់ពាក្យបណ្តឹងប្តឹងចោទស្ត្រីខាងលើមានចំនួន៨នាក់ ហើយក្នុងម្នាក់ៗអះអាងថា បានចាញ់ល្បិចស្ត្រីរូបនោះអស់ប្រាក់ចាប់ពី២៥០០ដុល្លារ ទៅ៣៥០០ដុល្លារ។

តាមប្រភពពីជនរងគ្រោះជាដើមបណ្តឹងបានឱ្យដឹងថា ស្ត្រីសង្ស័យឈ្មោះឈាង ផល្លា ហៅពៅ បានឆបោកលុយពីពួកគាត់ក្នុងរូបភាពប្រើឈ្មោះថ្នាក់ដឹកនាំ មកជ្រើសរើសចូលបម្រើការងារក្របខ័ណ្ឌនគរបាលជាតិ តែធាតុពិត សូម្បីតែខ្លួនឯងគ្មានការងារធ្វើផង ចំណែកលុយដែលប្រមូលពីពួកគាត់បានត្រូវស្ត្រីសង្ស័យរូបនេះយកទៅដើរស៊ីចាយយ៉ាងហ៊ឺហា ធ្វើឬកដូចជំទាវ។

បច្ចុប្បន្ន ស្ត្រីសង្ស័យខាងលើត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីចាត់ការបន្តតាមនីតិវិធី៕