ភ្នំពេញ ៖ ជនសង្ស័យម្នាក់នៅសុខៗក៏បានធ្វើសកម្មភាពផ្លោះរបងចូលទៅក្នុងផ្ទះរបស់ស្ត្រីម្នាក់ រួចក៏បានចាប់ច្របាច់កស្ត្រីជាម្ចាស់ផ្ទះរុញបញ្ចូលក្នុងបន្ទប់ តែត្រូវស្ត្រីរងគ្រោះប្រឹងរើបម្រះគេចចេញមកក្រៅ ទើបជនសង្ស័យបានចូលសម្ងំក្នុងបន្ទប់បិទទ្វារចាក់សោ រួចវាយបំផ្លាញរបស់របរក្នុងបន្ទប់បណ្តាលឱ្យខូចខាតខ្ទេចអស់ ទីបំផុតក៏ត្រូវប្រជាពលរដ្ឋព័ទ្ធចាប់បានវាយដំម្នាក់១ដៃ១ជើងទ្រមខ្លួន រួចក៏ប្រគល់ឱ្យសមត្ថកិច្ចយកទៅចាត់ការតាមច្បាប់។

ករណីខាងលើនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ នៅចំណុចមុខដីបឹងកក់ ផ្លូវចូលជិតមន្ទីរពេទ្យកាល់ម៉ែត ស្ថិតក្នុងភូមិ២១ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញជនសង្ស័យខាងលើបានផ្លោះរបងចូលក្នុងបរិវេណផ្ទះរបស់ស្ត្រីរងគ្រោះខាងលើ រួចក៏បានដើរសំដៅទៅបន្ទប់របស់ស្ត្រីរងគ្រោះ ហើយគោះទ្វារនិងបានចាប់ច្របាច់កស្ត្រីរងគ្រោះខាងលើ រួចរុញចូលក្នុងបន្ទប់ តែត្រូវស្ត្រីរងគ្រោះប្រឹងរើបម្រះរួចស្ទុះរត់ចេញមកខាងក្រៅស្រែកឆោឡោហៅសាច់ញាតិនិងអ្នកជិតខាងឱ្យជួយ។

ប្រភពដដែលបន្តថា ភ្លាមនោះ ជនសង្ស័យក៏បានបិទទ្វារចាក់សោពីក្នុងជាប់រួចសម្ងំនៅក្នុងបន្ទប់ និងបានធ្វើសកម្មភាពវាយបំផ្លាញសម្ភារនិងទ្រព្យសម្បត្តិនៅក្នុងបន្ទប់ បណ្តាលឱ្យខូចខាតអស់ជាច្រើន។ បន្ទាប់មកដោយដឹងថា នៅខាងក្រៅត្រូវប្រជាពលរដ្ឋនិងសមត្ថកិច្ចព័ទ្ធជាប់អស់ទៅហើយ ទើបជនសង្ស័យបានស្រាតខោអាវខ្លួនឯងចេញអស់ ស្លៀកតែខោលីអូរួចចូលក្នុងបន្ទប់ទឹក កូរទឹកសាប៊ូស្រោចជោកខ្លួន ដើម្បីធ្វើឱ្យរអិលកុំឱ្យមានអ្នកណាម្នាក់អាចចាប់រូបគេជាប់។

ប្រភពខាងលើបញ្ជាក់ថា ក្រោយកើតហេតុប្រជាពលរដ្ឋក៏បាននាំគ្នាទម្លាយទ្វារបន្ទប់ចូលទៅចាប់ជនសង្ស័យខាងលើបាន រួចនាំគ្នាបញ្ចោញកំហឹងម្នាក់១ដៃ១ជើងធ្វើឱ្យជនសង្ស័យទ្រមខ្លួន បន្ទាប់មកទើបប្រគល់ឱ្យសមត្ថកិច្ចនាំយកទៅចាត់ការតាមច្បាប់។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនសួរនាំនិងរៀបចំកសាងសំណុំរឿងបញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕