ភ្នំពេញ ៖ យុវជនជាកម្មកររោងចក្រ២នាក់បានកើតមានទំនាស់ពាក្យសម្តីនឹងគ្នាក្នុងម៉ោងធ្វើការ លុះមិត្តភក្តិរួមការងារចូលមកឃាត់ក៏ស្ងាត់មាត់ បំពេញការងាររៀងខ្លួនវិញទៅដោយមិនឈានដល់អំពើហិង្សាអ្វីនោះទេ ស្រាប់តែពេលចេញពីធ្វើការវិញភាគីម្ខាងចងគំនុំទុកក្នុងចិត្តក៏ទៅហៅបក្ខពួក៣នាក់ទៀត មកស្ទាក់ព្រួតវាយទៅលើគូទំនាស់ បណ្តាលឱ្យរងរបួសរយះក្បាល២នាក់ រួចក៏នាំគ្នារត់គេចខ្លួនបាត់ស្រមោលអស់។
ករណីអំពើហិង្សាដោយចេតនាខាងលើនេះ បានកើតឡើងកាលពីវេលាល្ងាចថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ នៅចំណុចសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ រហូតមកដល់វេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ទើបសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានម្នាក់នៅចំណុចមុខរោងចក្រ ស្ថិតក្នុងភូមិសាស្ត្រកើតហេតុខាងលើ។ ដោយឡែកបក្ខពួក៣នាក់ទៀតរត់គេចខ្លួនចោលកន្លែងធ្វើការអស់។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ខ្លួន មានឈ្មោះអៀន ភារម្យ ហៅខ្មៅ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មកររោងចក្រប៉ាក់អាវ ស្នាក់នៅភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ។
ចំណែកជនរងគ្រោះទាំង២ នាក់ រួមមាន ទី១-ឈ្មោះវ៉ាត រាត្រី ហៅហ៊ុយ ភេទប្រុស អាយុ១៩ឆ្នាំ និងទី២-ឈ្មោះឡាវ ណាវីត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រប៉ាក់អាវ ជាមួយជនបង្ក។
តាមប្រភពពីមន្ត្រីនគរបាលរដ្ឋបាលប៉ុស្តិ៍អូរបែកក្អម បានឱ្យដឹងថា ជនសង្ស័យខាងលើ រួមទាំងបក្ខពួកត្រូវបានចោទប្រកាន់និងចាប់ខ្លួនតាមបណ្តឹងចោទប្រកាន់ពីជនរងគ្រោះ ឈ្មោះវ៉ាត រាត្រី ហៅហ៊ុយ និងឈ្មោះឡាវ ណាវីត។

ជនរងគ្រោះឈ្មោះវ៉ាត រាត្រី ហៅហ៊ុយ បានបំភ្លឺប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ គាត់បានកំពុងធ្វើការនៅក្នុងរោងចក្រ ក៏បានមានទំនាស់ពាក្យសំដីគ្នាតិចតួចជាមួយឈ្មោះទូច ភេទប្រុស អាយុប្រហែល២១ឆ្នាំ រួចក៏ស្ងប់ស្ងាត់ធ្វើការរៀងៗខ្លួនទៅ។
លុះពេលចប់ម៉ោងធ្វើការចេញផ្ទះវិញ ក៏ស្រាប់តែឈ្មោះទូច បាននាំបក្ខពួកមកចំនួន៣នាក់ផ្សេងទៀត រួមមាន ទី១-ឈ្មោះអៀម ភារម្យ កាន់ដែកបំពង់ទីបមូល ទី២-ឈ្មោះអេ ទី៣-ឈ្មោះជ័យ បានមកវាយតប់រូបគេនៅតាមផ្លូវ។
ខណៈនោះ ឈ្មោះឡាវ ណាវីត បានមកជួយឃាត់ពួកគេកុំឱ្យឈ្លោះគ្នាក៏ត្រូវឈ្មោះ អៀម ភារម្យ ហៅខ្មៅ កាន់ដែកបំពង់ទីបមកវាយសំពងចំក្បាល បណ្តាលឱ្យរបួសដេរ៩ថ្នេរ ឯខ្លួន (វ៉ាត រាត្រី) របួស២កន្លែងដេរ៦ថ្នេរ ចំណែកជនបង្កបាននាំគ្នារត់គេចខ្លួនអស់។
បន្ទាប់មកនៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ ២០១៩ ទើបជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ដើម្បីឱ្យជួយអន្តរាគមន៍។ លុះមកដល់វេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែសីហា ឆ្នាំ ២០១៩ ជនរងគ្រោះឈ្មោះវ៉ាត រាត្រី បានប្រទះឃើញជនសង្ស័យឈ្មោះអៀម ភារម្យ កំពុងឈរនៅមុខរោងចក្រកន្លែងធ្វើការ ទើបទូរស័ព្ទហៅប៉ូលិសមូលដ្ឋានឱ្យមកឃាត់ខ្លួនជនសង្ស័យតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ អៀម ភារម្យ បានសារភាពថា ខ្លួនពិតជាបានចូលរួមវាយតប់ក្នុងរឿងទំនាស់នេះមែន ហើយបានប្រាប់ថា បក្ខពួករបស់គេ៣នាក់ផ្សេងទៀត រួមមាន ឈ្មោះទូច ឈ្មោះអេ និងឈ្មោះជ័យ មានលំនៅផ្ទះជួលក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានរត់គេចខ្លួនបាត់អស់ទៅហើយ។
ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចឃាត់សួរនាំ និងកសាងសំណុំរឿងបញ្ចូនទៅចាត់ការបន្តតាមនីតិវិធី។ ជាមួយនេះ សមត្ថកិច្ចក៏កំពុងធ្វើការស្រាវជ្រាវតាមប្រមាញ់ចាប់ខ្លួនបក្ខពួក៣នាក់ទៀត ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់ផងដែរ៕