Monday, November 24, 2025
Homeព័ត៌មានជាតិម៉េចបានជាដល់ថ្នាក់នេះ គ្រាន់តែទៅទារលុយប្អូនប្រុសសោះហ្នឹង

ម៉េចបានជាដល់ថ្នាក់នេះ គ្រាន់តែទៅទារលុយប្អូនប្រុសសោះហ្នឹង

ភ្នំពេញ ៖ ស្ត្រីម្នាក់បានចូលទៅក្នុងហាងលក់បាយ១កន្លែង ដើម្បីទារលុយពីប្អូនប្រុសរបស់ម្ចាស់ហាងដែលបានជំពាក់ខ្លួន លុះទៅដល់ក៏ត្រូវបានស្ត្រីជាម្ចាស់ហាងទាញកៅអីដែក វាយបែកថ្ងាសរងរបួសធ្ងន់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ នៅចំណុចហាងលក់បាយយីហោហូមឌីហ្គ្រីន ស្ថិតនៅផ្ទះលេខ៨៤៩ ផ្លូវលេខ១២៨ ក្រុមទី១៤ ភូមិ៤ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។

ជនរងគ្រោះដែលរងរបួសបែកថ្ងាស មានឈ្មោះអាង ភារៈ ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរបុគ្គលិករៀបដីពុះឡូត៍លក់។ ចំណែកស្ត្រីសង្ស័យមានឈ្មោះទូច ស្រីញឹប ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរមេការហាងហូមឌីហ្គ្រីន។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីឈ្មោះអាង ភារៈ ដែលបានប្តឹងទៅលើឈ្មោះទូច ស្រីញឹប ពីបទហិង្សាដោយចេតនាយកកៅអីដែកវាយបណ្តាលឱ្យបែកថ្ងាសខាងស្តាំ ដេរ៤ថ្នេរ។

ប្រភពដដែលបន្តថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងខាងលើ នៅវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ សមត្ថកិច្ចក៏បានកោះហៅម្ចាស់ហាងលក់បាយ ឈ្មោះទូច ស្រីញឹប មកធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ឈ្មោះទូច ស្រីញឹប បានឆ្លើយសារភាពថា រូបខ្លួនពិតជាបានយកកៅអីដែកវាយទៅលើឈ្មោះអាង ភារៈ បណ្តាលឱ្យបែកថ្ងាសខាងស្តាំដេរ៤ថ្នេរ ប្រាកដមែន។ តែយ៉ាងណា ខ្លួនក៏បានដាក់ពាក្យប្តឹងទៅលើឈ្មោះអាង ភារៈ វិញផងដែរ ពីបទចូលអុកឡុកក្នុងហាងរបស់ខ្លួន។ 

ដោយបានការឯកភាពពីលោកសម ឬទ្ឌីវាសនា ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានី ភ្នំពេញ ឱ្យធ្វើការឃាត់ខ្លួននិងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់។

បច្ចុប្បន្ន ជនបង្កអំពើហិង្សាដោយចេតនា ឈ្មោះ ទួច ស្រីញឹប កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕

RELATED ARTICLES