Monday, November 24, 2025
Homeព័ត៌មានជាតិកូនស្រីបាត់ខ្លួន ម៉ែថាគេលួច ប៉ូលិសសង្ស័យបែបនេះទៅវិញ

កូនស្រីបាត់ខ្លួន ម៉ែថាគេលួច ប៉ូលិសសង្ស័យបែបនេះទៅវិញ

ខេត្តព្រះសីហនុ ៖ ស្ត្រីម្នាក់បានអះអាងថាកូនស្រីរបស់គាត់ដែលទើបនឹងមានវ័យប្រមាណ៣ឆ្នាំបានបាត់ខ្លួនអស់រយៈពេលជាងកន្លះខែមកហើយ ខណៈដែលគាត់បានទៅលេងផ្ទះមិត្តភក្តិនិងដាក់កូនស្រីឱ្យដេកក្នុងអង្រឹង១យប់ ស្រាប់តែព្រឹកឡើងក៏បាត់មិនដឹងទៅណាទើបធ្វើឱ្យគាត់សង្ស័យថាត្រូវគេលួចបីកូនស្រីចេញពីក្នុងអង្រឹងទៅ ប៉ុន្តែតាមការសន្និដ្ឋានរបស់សមត្ថកិច្ចក្មេងស្រីរងគ្រោះអាចនឹងធ្លាក់ចូលស្រះចិញ្ចឹមត្រីឆ្តោធំៗស៊ីហ្មត់។

ស្ត្រីដែលអះអាងថាបាត់កូនស្រីកន្លះខែមកហើយនេះ មានឈ្មោះសិញ ថុល អាយុ៤០ឆ្នាំ មានប្តីឈ្មោះឌឿ ដេ អាយុ២៧ឆ្នាំ មុខរបរនេសាទ មានលំនៅភូមិ៣ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ។ ចំណែកក្មេងស្រីរងគ្រោះដែលបាត់ខ្លួនមានឈ្មោះដេ គឹមឡាង អាយុ៣ឆ្នាំ។

តាមសម្តីស្ត្រីជាម្តាយខាងលើ បានរៀបរាប់ទាំងទឹកភ្នែកប្រាប់ថា សព្វថ្ងៃគាត់មានកូន២នាក់រស់នៅក្នុងបន្ទុក ដោយកូនទី១ជាកូនស្រីរបស់ប្តីដើម អាយុ៧ឆ្នាំ និងកូនទី២ ដែលបាត់ខ្លួនជាកូនស្រីប្តីក្រោយ។

នៅមុនពេលកើតហេតុ កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩កន្លងទៅ គាត់បានទិញបង្កង២គីឡូក្រាម រួចយកទៅហូបចុកនៅផ្ទះមិត្តភក្តិដែលគាត់តែង ហៅថាឪម៉ែអាជេ មានលំនៅមណ្ឌលអូរតាសេក ផ្ទះ៨០០ខ្នង ឃុំទំនប់រលក ស្រុកស្ទឹងហាវ។

ក្រោយពេលហូបចុករួចនៅវេលាម៉ោង១០យប់ថ្ងៃនោះ គាត់ត្រូវបានម្ចាស់ផ្ទះឃាត់ឱ្យដេកនៅផ្ទះរបស់គេ១យប់ គាត់ក៏យល់ព្រម ហើយចងអង្រឹងកណ្តាលផ្ទះឱ្យកូនស្រីឈ្មោះដេ គឹមឡាង ដេកលក់ទាំងអស់គ្នាជាមួយម្ចាស់ផ្ទះជាប្តីប្រពន្ធ ដោយមានចាក់សោរបង និងគន្លឹះទ្វារផ្ទះត្រឹមត្រូវ។

លុះភ្លឺឡើងក្រឡេកមើលក្នុងអង្រឹង ស្រាប់តែបាត់កូនស្រីមិនដឹងទៅណា ឯទ្វារផ្ទះនិងរបងចំហធ្លុង ក៏នាំគ្នាឆោឡោស្វែងរកកូនគ្រប់ទីកន្លែង តែរកមិនឃើញធ្វើឱ្យគាត់តក់ស្លុតនិងយំលែងចេញ។

ស្ត្រីជាម្តាយរូបនេះ បន្តថា ក្រោយពីបាត់កូនស្រីតូចមិនដឹងទៅណា រូបគាត់និងស្វាមីបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់រលក និងនៅអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ ឱ្យជួយស្រាវជ្រាវរកកូនស្រីគាត់ដែរ ហើយពេលនោះសមត្ថកិច្ចបានមកធ្វើកំណត់ហេតុ សួរនាំបានបន្តិចក៏ត្រឡប់ទៅវិញ។

ចាប់ពីពេលនោះរហូតដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០១៩ កូនស្រីរបស់គាត់បាត់ដំណឹងឈឹង ធ្វើឱ្យគាត់អស់សង្ឃឹមខ្លាំងណាស់ ហើយពេលសួរសមត្ថកិច្ចម្តងៗហាក់ព្រងើយកន្តើយមិនរវីរវល់ជួយស្រាវជ្រាវ បែរជានិយាយបន្ទោសគាត់ថែមទៀតថា មកពីគាត់ធ្វេសប្រហែស… ខ្លួនគាត់ជាម្តាយមិនដឹងផង តើឱ្យសមត្ថកិច្ចទៅស្រាវជ្រាវដឹងម្តេចកើត?

ស្ត្រីខាងលើបញ្ជាក់ថា អ្វីដែលគាត់មិនអស់ចិត្តនោះគឺសមត្ថកិច្ចមិនបានហៅម្ចាស់ផ្ទះទៅសាកសួរនាំដើម្បីស្រាវជ្រាវនោះទេ នៅគ្រាដែលគាត់សង្ស័យរឿងនេះពាក់ព័ន្ធនឹងម្ចាស់ផ្ទះលួចកូនគាត់យកទៅលក់ ព្រោះមុនពេលចូលដេកទាំងអស់គ្នាគាត់ឃើញម្ចាស់ផ្ទះបិទទ្វាររបងនិងទ្វារផ្ទះត្រឹមត្រូវលុះពេលជិតភ្លឺឡើងបាត់កូនពីអង្រឹងឃើញទ្វារផ្ទះនិងរបងចំហថែមទាំងឃើញឆ្កែត្រូវបានគេចាប់ចងដាក់ក្នុងបន្ទប់ទឹកមិនឱ្យព្រុសទៀត។

ដោយឡែកសព្វថ្ងៃនេះ ត្រូវបានអ្នកភូមិផងរបងជាមួយចំអកឡកឡឺយដាក់គាត់ថា គាត់យកកូនទៅលក់បានជាមិនសូវរវីរវល់តាមរកកូនឱ្យឃើញ។ ដោយហេតុនេះហើយធ្វើឱ្យគាត់ឈឺចិត្តណាស់ ម្តាយណាមិនស្រលាញ់កូន? ម្តាយឯណាយកកូនជាទីស្រលាញ់ស្មើជីវិតទៅលក់? ដូចជាអយុត្តិធម៌ពេកហើយសម្រាប់រូបគាត់។

យ៉ាងណា ស្ត្រីរូបនេះសូមអំពាវនាវដល់បងប្អូនណាបានឃើញក្មេងស្រី មានភិនភាគដូចក្នុងរូបថតនេះ មេត្តាផ្តល់ដំណឹងនេះដល់រូបគាត់ផង គាត់នឹងជូនសគុណ។

ទាក់ទិននឹងរឿងនេះ លោករស់ កី អធិការនគរបាលស្រុកស្ទឹងហាវ បានបញ្ជាក់ប្រាប់ថា ពិតជាមានរឿងនេះកើតឡើងមែន ហើយសមត្ថកិច្ចរបស់លោកក៏មិនមែនព្រងើយកន្តើយក្នុងការស្រាវជ្រាវនោះដែរ។

លោកអធិការបន្តថា ដោយសារគ្មានតម្រុយនិងមិនមានភ័ស្តុតាងណាមួយដើម្បីដាក់បន្ទុកក្នុងករណីបាត់ក្មេងនេះ ទើបសមត្ថកិច្ចលំបាកក្នុងការស្រាវជ្រាវ។

យ៉ាងណា សមត្ថកិច្ចបានដាក់ការសង្ស័យក្រៅផ្លូវការថា

ទី១-អាចជាល្បិចរបស់ស្ត្រីជាម្តាយធ្វើដើម្បីឱ្យប្តីដែលចុះទូកនេសាទ រាប់ខែឆាប់មកផ្ទះវិញ។

ទី២-ក្មេងរងគ្រោះអាចចុះពីអង្រឹងពេលចាស់ៗដេកលក់ ហើយដើរទៅធ្លាក់ស្រះចិញ្ចឹមត្រីឆ្តោ លង់ស្លាប់ ហើយត្រូវត្រីស៊ីជាចំណីបំបាត់សពផងក៏មិនដឹង ព្រោះថាផ្ទះនោះសង់ប្របនឹងស្រះចិញ្ចឹមត្រីឆ្តោធំៗណាស់

និងទី៣- បើយល់ថាមានគេចូលទៅលួចក្មេងយកទៅលក់ដូចមិនសម ព្រោះតាមការពិនិត្យស្រាវជ្រាវជាក់ស្តែង និងបង្ហាញពីសាក្សីនៅកន្លែងកើតហេតុឃើញថាគ្មានអ្វីប្រែប្រួលនោះទេ។

យ៉ាងណា នេះគ្រាន់តែជាការសន្និដ្ឋានក្រៅផ្លូវការប៉ុណ្ណោះ ខណៈដែលលោកអធិការអះអាងថា កំពុងស្រាវជ្រាវបន្តរឿងនេះនៅឡើយ៕

RELATED ARTICLES