Monday, November 24, 2025
Homeព័ត៌មានជាតិឃើញម្ចាស់ឈរនិយាយទូរស័ព្ទភ្លេចដកសោ ឡើងជិះចេញ ជាប់អន្ទាក់ប្រជាពលរដ្ឋ

ឃើញម្ចាស់ឈរនិយាយទូរស័ព្ទភ្លេចដកសោ ឡើងជិះចេញ ជាប់អន្ទាក់ប្រជាពលរដ្ឋ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវបានប្រជាពលរដ្ឋព្រួតវាយរបួសធ្ងន់បាក់ជើងម្ខាង ដោយសារតែជននោះបានធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះដែលកំពុងឈប់នៅមុខផ្ទះ ទូរស័ព្ទហៅម្តាយឱ្យបើកទ្វារឱ្យ ស្រាប់តែមកលួចយកនៅនឹងមុខលុះជនរងគ្រោះស្រែកថាចោរៗ ក៏ត្រូវជាប់អន្ទាក់របស់អ្នកជិតខាងតែម្តង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះលេខ ០៥Eo ផ្លូវលេខ១៥៤ ភូមិ៧ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។

មន្ត្រីនគរបាលប៉ុស្តិ៍ផ្សារកណ្តាល១ បានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះចាន់ សីហា ហៅអាសី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនប្រាកដ មានលំនៅផ្ទះជួលម្តុំលូ៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ (កំពុងព្យាបាលរបួសនៅមន្ទីរពេទ្យកាល់ម៉ែត)។ វត្ថុតាងចាប់យកម៉ូតូ១គ្រឿង ម៉ាក CRF ពណ៌ស (ជារបស់ជនរងគ្រោះ)។

ចំណែកជនរងគ្រោះមានឈ្មោះ មាឃ រដ្ឋា ភេទប្រុស អាយុ២៧ឆ្នាំ មានលំនៅផ្ទះលេខ០៥Eo ផ្លូវលេខ១៥៤ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងទៀតថា នៅមុនពេលកើតហេតុកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ជនរងគ្រោះបានត្រលប់ពីកន្លែងញ៉ាំអីវិញ បានជិះម៉ូតូមកឈប់ចាំម្តាយបើកសោទ្វារផ្ទះឱ្យនៅមុខផ្ទះកន្លែងកើតហេតុខាងលើ លុះខណៈដែលជនរងគ្រោះកំពុងតែនិយាយទូរស័ព្ទពុំបានដកសោពីម៉ូតូស្រាប់តែជនសង្ស័យនិងបក្ខពួក២នាក់ទៀតបានមកធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះបញ្ឆោះជិះចេញទៅតែត្រូវបានជនរងគ្រោះឃើញទាន់ស្រែកឆោឡោផ្អើលដល់ប្រជាពលរដ្ឋច្រើននាក់នៅក្បែរនោះឃើញនាំគ្នាចាប់បានជនសង្ស័យខាងលើព្រួតវាយបណ្តាលឱ្យបាក់ស្មងជើងខាងឆ្វេងចំណែកបក្ខពួកផ្សេងទៀតកំពុងរត់គេចខ្លួន។

ភ្លាមនោះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលទី១ ដែលកំពុងល្បាតឃើញបានអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យខាងលើ រួមជាមួយវត្ថុតាងម៉ូតូរបស់ជនរងគ្រោះយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលទី១ ដោយឃើញជនសង្ស័យមានរបួសបាក់ស្មងជើងធ្ងន់ធ្ងរបានដឹកយកទៅព្យាបាលរបួសនៅមន្ទីរពេទ្យកាលម៉ែត។ ចំណែកបក្ខពួក២នាក់ទៀតបាននាំគ្នារត់គេចខ្លួនបាត់ស្រមោលអស់។

បច្ចុប្បន្ន ជនសង្ស័យខាងលើកំពុងដេកព្យាបាលរបួសនៅមន្ទីរពេទ្យកាល់ម៉ែត។ នៅចំពោះមុខនគរបាលប៉ុស្តិ៍កំពុងសួរចម្លើយជនសង្ស័យ ដើម្បីរកបក្ខពួកនិងសកម្មភាពដែលបានប្រព្រឹត្តកន្លងមក និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

RELATED ARTICLES