នៅទីបំផុត គម្រោងដែលមានឈ្មោះថា “តម្រា” ដែលជាការប្រមូលផ្ដុំក្រុមអ្នកនិពន្ធដើម្បីផលិតស្នាដៃជាសៀវភៅនិពន្ធដ៏សំបូរបែបនោះ លេចជារូបរាងហើយ ដោយកាលពីព្រឹកថ្ងៃទី១៨ សីហា ឆ្នាំ២០១៩ ដែលជាថ្ងៃប្រកាសពីដំណើរការរបស់ខ្លួននោះ ក៏បើកសម្ពោធសៀវភៅស្នាដៃចំនួន៤ ដែលក្រុមតម្រាបានបោះពុម្ពផ្សាយផងដែរ។

អ្នកនាង ទូច បុប្ផា នាយិកាតម្រា បានអះអាងថា ដោយសារតែអ្នកនាងនិងក្រុមយុវជនមួយចំនួនមើលឃើញថា កម្រិតនៃការអានមានការថយចុះ ស្របពេលដែលស្នាដៃតែងនិពន្ធដែលបោះពុម្ពសៀវភៅក៏មិនសូវមាន។

អ្នកនាងថា យុវវ័យសព្វថ្ងៃមិនមែនមិនចង់អានសៀវភៅនោះទេ ប៉ុន្តែបណ្ដាលមកពីស្នាដៃដែលបានផលិតឡើងអាចមិនសូវមានការចាប់អារម្មណ៍ ទើបធ្វើអោយការអានធ្លាក់ចុះ។ អុីចឹងហើយទើបអ្នកនាងនិងក្រុមការងារបានរួបរួមគ្នាគ្នាបង្កើតគម្រោងនេះឡើងដើម្បីប្រមូលអ្នកនិពន្ធ ហើយចងក្រងស្នាដៃដើម្បីផលិតជាស្នាដៃសៀវភៅ ឲ្យមានគុណភាព និងស្អាតទាក់ទាញ ដើម្បីអោយយុវវ័យងាកមកស្រលាញ់សៀវភៅវិញ។

អ្នកនាងបន្តថា សៀវភៅ៤ប្រភេទ ដែលតម្រាបោះពុម្ពផ្សាយរួមមានរឿង “អាគមបរព្រៃ” , “ពេលវេលា” , “បឹងអតីត” និងរឿង”ស្ទូឌីយោលេខ៧” ដែលសុទ្ធតែជាស្នាដៃបង្កប់ដោយអត្ថន័យ និងការអប់រំខ្ពស់។ ស្នាដៃទាំងនេះ មានលក់នៅតាមបណ្ណាគារធំៗនៅរាជធានីភ្នំពេញ នៅបាត់ដំបង កំពង់ចាម កំពង់ស្ពឺ និងមានចែកជូននៅតាមបណ្ណាល័យសំខាន់ៗ។

អ្នកនងាបន្តទៀតថា ស្នាដៃទាំងអស់របស់តម្រា ក៏មានប្រកាសលក់តាមអនឡាញផងដែរ ខណៈដែលអ្នកនាងបញ្ជាក់ថា ក្នុងមួយស្នាដៃៗត្រូវបានគេទិញមិនក្រោម១០០០ ទៅ១៥០០ក្បាលនោះទេ តាំងពីចាប់ផ្ដើមមុនសម្ពោធ ទើបធ្វើអោយអ្នកនាងយល់ថា តម្រូវការនៃការអាននៅតែមានការចាប់អារម្មណ៍ជាពិសេសពីសំណាក់យុវវ័យ។

អ្នកនាងទូច បុប្ផា បញ្ជាក់ថា តម្រានឹងគៀរគអ្នកមានគំនិតចង់បង្កើតស្នាដៃឲ្យមានឱកាសផលិតជាសៀវភៅ ប៉ុន្តែក៏ទាមទារអោយស្នាដៃទាំងនោះត្រូវតែមានខ្លឹមសារនិងការអប់រំខ្ពស់ ដែលផ្ដល់ប្រយោជន៏ដល់អ្នកអានផងដែរ ទើបតម្រាទិញសិទ្ធិយកមកផលិត។ ក្នុងមួយខែ តម្រាប្រកាសបញ្ចេញស្នាដៃមួយរឿង ដោយការបោះពុម្ពតិចឬច្រើន គឺអាស្រ័យលើស្នាដៃនីមួយៗ៕



