Monday, November 24, 2025
Homeព័ត៌មានជាតិសំណាងគាត់ណាស់!!! ម៉ូតូចោរប្លន់ទៅហើយ ២នាក់ម៉ែកូនដើររកទាល់តែប្រទះឃើញវិញ

សំណាងគាត់ណាស់!!! ម៉ូតូចោរប្លន់ទៅហើយ ២នាក់ម៉ែកូនដើររកទាល់តែប្រទះឃើញវិញ

ភ្នំពេញ ៖ ជនសង្ស័យជាចោរប្លន់2នាក់បានធ្វើសកម្មភាពវាយប្លន់យកម៉ូតូម៉ាកហុងដាស្កុបពី ស៊េរីឆ្នាំ2020 មួយគ្រឿង ពីក្មេងស្រីម្នាក់បានសម្រេចហើយជិះគេចខ្លួន ប៉ុន្តែដោយសង្ស័យដឹងថា ម៉ូតូខាងលើមានបំពាក់ប្រព័ន្ធតាមដានសុវត្ថិភាព GPS ទើបពួកចោរទាំងនេះបានយកទៅប្លុងចោលនៅក្នុងមន្ទីរពេទ្យបង្អែកចតុមុខ រួចយកតែទូរស័ព្ទ1គ្រឿងដែលជនរងគ្រោះទុកនៅនឹងម៉ូតូខាងមុខ ហើយគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍ប្លន់ម៉ូតូនេះបានកើតឡើងកាលពីវេលាម៉ោង4 និង35នាទីទៀបភ្លឺ ថ្ងៃទី17 ខែសីហា ឆ្នាំ2019 នៅត្រង់ចំណុចជិតវត្តពូនភ្នំ ភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យក្នុងករណីប្លន់នេះ មានគ្នា2នាក់ស្លៀកពាក់ស៊ីវិលជិះម៉ូតូមិនស្គាល់ម៉ាក1គ្រឿង និងប្រើប្រាស់ដែកបំពង់ទីប1កំណាត់ ធ្វើជាអាវុធក្នុងពេលធ្វើសកម្មភាពប្លន់។

ចំណែកជនរងគ្រោះមាន2នាក់ដែរ ក្នុងនោះស្ត្រីជាម្តាយឈ្មោះរី ចាន់ថង អាយុ52ឆ្នាំ មុខរបរលក់ដូរ និងកូនស្រីឈ្មោះវ៉ាន់ឌី លីហ្សា អាយុ14ឆ្នាំ សព្វថ្ងៃមានលំនៅក្នុងភូមិកើតហេតុខាងលើ។

ម៉ូតូដែលចោរប្លន់បានរួចតកប្លុងចោលនោះម៉ាកហុងដាស្កុបពីពណ៌ស ស៊េរីឆ្នាំ2020មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1HR-7251 ហើយនៅក្រោមកែបម៉ូតូមានលុយជាង90ម៉ឺនរៀលនិង200ដុល្លារ រីឯនៅក្នុងឃ្លុបម៉ូតូខាងមុខមានទូរស័ព្ទម៉ាក OPPO 1គ្រឿង និងម៉ាកណូគា1គ្រឿង។

ជនរងគ្រោះបានរៀបរាប់ថា នៅមុនពេលកើតហេតុគាត់បានជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ125 ស៊េរីឆ្នាំ2016 ពណ៌ខ្មៅ 1គ្រឿង ចំណែកកូនស្រីគាត់បានជិះម៉ូតូម៉ាកហុងដាស្កុបពី 1គ្រឿង ចេញពីផ្ទះក្នុងបំណងទៅរកទិញអីវ៉ាន់នៅផ្សារជម្ពូវ័ន យកមកលក់នៅផ្ទះ។ ខណៈនោះគាត់ជិះខាងមុខ រីឯកូនស្រីគាត់ជិះតាមពីខាងក្រោយ លុះជិះចេញផុតពីផ្ទះមានជនសង្ស័យ2នាក់ជិះម៉ូតូ1គ្រឿងតាមពីក្រោយ ដោយអត់បើកភ្លើងឡើយ។

ជនរងគ្រោះបានបន្តទៀតថា ពេលមកដល់ត្រង់ចំណុចកើតហេតុ ជនសង្ស័យបានកៀរឱ្យកូនគាត់ឈប់និងស្រែកគំរាមសម្លាប់ រួចយកដំបងដែកបំពង់ទីបដេញវាយ។ ដោយមានការភ័យខ្លាច កូនស្រីគាត់បានចុះរត់ចេញ ហើយចោរក៏បានយកដែកទីបគប់ចំចង្កេះ រួចក៏យកម៉ូតូជិះគេចខ្លួនបាត់ទៅ។

ស្ត្រីរូបនោះបានបន្តថា បន្ទាប់មកគាត់បានជិះម៉ូតូហុងដាឌ្រីម សេ125 ស៊េរីឆ្នាំ2016 ដឹកកូនស្រីត្រឡប់មកវិញ និងស្រែកចោរៗ បង្កឱ្យអ្នកភូមិមានការភ្ញាក់ផ្អើលនិងនាំគ្នាតាមរកម៉ូតូ ដោយមើលតាមការចង្អុលបង្ហាញរបស់ប្រព័ន្ធ GPS។ ព្រោះម៉ូតូដែលចោរប្លន់យកទៅនេះមានបំពាក់ប្រព័ន្ធតាមដាន GPS ហើយក៏បានប្តឹងសុំឱ្យនគរបាលជួយអន្តរាគមន៍ភ្លាមៗដែរ។ ការតាមរកពីចំណុចមួយទៅចំណុចមួយ រហូតក្នុងរាជធានីភ្នំពេញ ទើបកំណត់ច្បាស់ពីទីតាំងដែលចោរប្លុងម៉ូតូចោលនិងបានរកម៉ូតូឃើញវិញ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា ម៉ូតូនោះត្រូវបានចោរយកទៅប្លុងចោលក្នុងមន្ទីរពេទ្យបង្អែកចតុមុខ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រួចហើយបានយកទូរស័ព្ទម៉ាក OPPO 1គ្រឿង ដែលជនរងគ្រោះដាក់នៅក្នុងឃ្លុបមុខម៉ូតូទៅបាត់។ ចំណែកកាបូបលុយដែលដាក់នៅក្រោមកែបមិនបានបាត់បង់នោះឡើយ ហើយសមត្ថកិច្ចក៏បានប្រគល់ម៉ូតូជូនជនរងគ្រោះវិញ ព្រមទាំងស្រាវជ្រាវរកចាប់ខ្លួនក្រុមចោរប្លន់ទាំងនោះផងដែរ…៕

RELATED ARTICLES