ភ្នំពេញ ៖ ស្ត្រីម្នាក់ក្រោយពីផឹកស្រាស្រវឹងជោកជាំក៏ដឹកដៃកូនស្រីម្នាក់និងបីកូនតូចម្នាក់ទៀតជាប់ដៃ ដើរតាមស្វែងរកប្តី លុះរកមិនឃើញក៏ស្រាប់តែមួម៉ៅក្តៅចិត្តវាយដំកូនតូចទាំង២នាក់ដើម្បីរំសាយកំហឹង បណ្តាលឱ្យក្មេងតូចទាំង២រងរបួសជាំពេញខ្លួន និងធ្វើឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះឃាត់ខ្លួនស្ត្រីខាងលើយកទៅអប់រំ។

ករណីអំពើហិង្សាម៉ែវាយកូនតូច២នាក់បណ្តាលឱ្យរងរបួសនេះបានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ នៅត្រង់ចំណុចលើសួនកុមារមុខផ្សារសិនជូរីផ្លាហ្សា ស្ថិតក្នុងភូមិតាងួនទី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។
ស្ត្រីជាម្តាយចិត្តកំណាចដែលគ្រាន់តែបាត់ប្តីរកមិនឃើញបែរជាបញ្ចោញកំហឹងដាក់កូនតូចដែលមិនដឹងក្តីទៅវិញនេះ មានឈ្មោះស្រឿន ចន្ធី អាយុ៣២ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលក្នុងភូមិចំបក់២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើត នៅភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។

ចំណែកក្មេងស្រីរងគ្រោះជាកូនច្បង មានឈ្មោះវ៉ាន់ ស្រីស្រស់ អាយុ៩ឆ្នាំ (រងរបួស ជាំស្មា និងពកក្បាល)។ ដោយឡែក កូនស្រីពៅ មានឈ្មោះស៊ិន កញ្ជនា អាយុ១១ខែ មានសភាពស្លេកស្លាំងនិងក្តៅខ្លួន ត្រូវបានសមត្ថកិច្ចដឹកទៅសង្គ្រោះនៅមន្ទីពេទ្យកុមារជាតិ។
តាមប្រភពពីសមត្ថកិច្ចមួយរូប បានបញ្ជាក់ប្រាប់ថា ដំបូងឡើយរូបគាត់កំពុងពង្រឹងច្បាប់ចរាចរណ៍ លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ក៏មានប្រជាពលរដ្ឋបានរត់មកប្រាប់ថា មានស្ត្រីម្នាក់កំពុងវ៉ៃកូនបងនិងចាប់ជើងកូនតូចយួរឡើងលើ ពេលទទួលបានដំណឹងនេះភ្លាម កម្លាំងរបស់គាត់ចុះអន្តរាគមន៍ទៅឃាត់ស្ត្រីខាងលើ យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ ដើម្បីសួរនាំ។

ប្រភពដដែលបន្តថា នៅពេលសមត្ថកិច្ចសួរនាំកូនស្រីច្បងអាយុ៩ឆ្នាំ ក៏បានឆ្លើយថា មូលហេតុដែលម្តាយវ៉ៃពួកនាង គឺមកពីម្តាយរបស់នាងស្រវឹងស្រាបានដើររកប្តីចុងមិនឃើញ ក៏បញ្ចោញកំហឹងវាយពួកនាងជាកូនបែបនេះតែម្តង។
តាមការបញ្ជាក់ឱ្យដឹងពីស្ត្រីខាងលើ នាងមានប្តី២នាក់រួចមកហើយនិងមានកូន៣នាក់ ក្នុងនោះប្តីទី១ បានលែងលះគ្នាដាច់ស្រេចហើយ និងបានយកកូនមួយទៅចិញ្ចឹម។ ក្រោយមកនាងក៏មានប្តីហេងស៊យម្នាក់ទៀត ដោយប្តីនោះធ្វើខ្លួនដូចអំពិលអំពែក ម្តងបាត់ម្តងឃើញ ទើបធ្វើឱ្យនាងផឹកស្រាស្រវឹងក្តៅចិត្តពេកក៏វាយកូនរំសាយកំហឹងតែម្តង។

ខណៈពេលដែលសមត្ថកិច្ច នាំស្ត្រីខាងលើមកដល់ប៉ុស្តិ៍ ក៏ស្រាប់តែស្ត្រីរូបនោះបានបង្កការអុកឡុកពេញប៉ុស្តិ៍នគរបាល ដោយបានវាយកៅអី និងកង្ហារនៅក្នុងប៉ុស្តិ៍បណ្តាលឱ្យបាក់បែកទៀតផង ជាហេតុធ្វើឱ្យសមត្ថកិច្ចបង្ខំចិត្តដាក់ខ្នោះដៃស្ត្រីខាងលើសិន ដើម្បីឱ្យនាងស្ងប់ចិត្តឈប់ធ្វើផ្តេសផ្តាសតទៅទៀត។
ក្រោយមកសមត្ថកិច្ចបានអប់រំណែនាំស្ត្រីខាងលើឱ្យឈប់វាយកូនទៀត ហើយក៏ដោះលែងឱ្យមានសេរីភាពឡើងវិញ៕