ខេត្តសៀមរាប ៖ បុរសជនជាតិកូរ៉េម្នាក់បានកើតមានអាការមិនស្រួលខ្លួនក៏ត្រូវបានគេដឹកបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យរ៉ូយ៉ាល់អង្គរ អស់១យប់ ក៏ស្រាប់តែដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម ដែលករណីនេះសមត្ថកិច្ចចម្រុះបានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារស្ទះសរសៃឈាមចិញ្ចឹមបេះដូង។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ នៅមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ ស្ថិតនៅភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប។

សាកសពជនរងគ្រោះខាងលើ មានឈ្មោះ KIM BYOUNGHEE ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិូរ៉េ មុខរបរប្រធានក្រុមហ៊ុនទេសចរណ៍ Hanwoori កាន់លិខិតឆ្លងដែនលេខ M46330089 ស្នាក់នៅផ្ទះជួលក្នុងបុរីអាក់ខេត ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ជនរងគ្រោះបានកើតមានអាការមិនសូវស្រួលខ្លួន រួចក៏ត្រូវបានគេដឹកបញ្ជូនចូលទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ និងត្រូវបានក្រុមគ្រូពេទ្យពិនិត្យព្យាបាលយ៉ាងយកចិត្តទុកដាក់ ស្រាប់តែអកុសលមកដល់វេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់នៅក្នុងមន្ទីរពេទ្យតែម្តង។

ផ្អែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ និងលោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារស្ទះសរសៃឈាមចិញ្ចឹមបេះដូង។
សាកសពជនរងគ្រោះខាងលើ ត្រូវបានរក្សាទុកបណ្តោះអាសន្ននៅមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ ដើម្បីរង់ចាំការសម្រេចពីក្រុមគ្រួសារនិងស្ថានទូត៕