Monday, November 24, 2025
Homeព័ត៌មានជាតិស្វានបាន៦រន្ធហើយ គាត់ស្រែក "ឆក់អញហើយៗ"

ស្វានបាន៦រន្ធហើយ គាត់ស្រែក “ឆក់អញហើយៗ”

ខេត្តកណ្តាល ៖ យុវជនជាជាងជួសជុលរថយន្តម្នាក់បានយកម៉ូទ័រស្វានដែកមកស្វានដែកជួសជុលរថយន្ត ស្រាប់តែម៉ូទ័រនោះឆ្លងចរន្តអគ្គិសនី បណ្តាលឱ្យឆក់ស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ នៅចំណុចយានដ្ឋានជួសជុលរថយន្ត១កន្លែង ស្ថិតក្នុងភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង។

ជនរងគ្រោះដែលត្រូវចរន្តអគ្គិសនីឆក់ស្លាប់ មានឈ្មោះធី ណាន់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករជាងជួសជុលរថយន្ត មានលំនៅភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានចូលមកធ្វើការងារជួសជុលរថយន្តដូចសព្វមួយដង លុះមកដល់ម៉ោង១និង៣០នាទីរសៀលថ្ងៃដដែល ជនរងគ្រោះបានយកម៉ូទ័រស្វានដែកនោះមកស្វានរន្ធសាក់ស៊ីរថយន្ត ខណៈស្វានបានត្រឹម៦រន្ធ ស្រាប់តែជនរងគ្រោះស្រែកថា ឆក់អញហើយៗ។

ភ្លាមនោះឈ្មោះចំរើន ឌី ដែលនៅធ្វើការជាមួយគ្នាស្ទុះទៅដកខ្សែភ្លើងចេញ ហើយជនរងគ្រោះបានដួលទៅដី និយាយបានបួនប្រាំម៉ាត់ ក៏សន្លប់នៅនិងកន្លែងកើតហេតុ ភ្លាមនោះក៏ផ្អើលឆោឡោនាំគ្នាយករថយន្តដឹកជនរងគ្រោះយកទៅសង្គ្រោះនៅមណ្ឌលសុខភាពតាលន់ តែជាអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ក្រោយសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទទួលបានព័ត៌មានខាងលើ ភ្លាមនោះក៏រាយការណ៍បន្តទៅនគរបាលជំនាញស្រុក ចុះមកពិនិត្យកន្លែងកើតហេតុ ដោយមានការចូលរួមពីក្រុមប្រឹក្សាឃុំ លោកមេភូមិ និងគ្រូពេទ្យមណ្ឌលសុខភាពតាលន់ ដោយពិនិត្យឃើញថា ជនរងគ្រោះមានស្នាមជាំខ្លោចត្រង់ដៃខាងស្តាំ ក្រៅពីនេះពុំមានស្នាកស្នាមអ្វីគួរឱ្យកត់សំគាល់ឡើយ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ខ្សែភ្លើងប្រាកដមែន។ សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES