ខេត្តបាត់ដំបង ៖ លំនៅដ្ឋានមួយខ្នងត្រូវអគ្គិភ័យឆាបឆេះអស់គ្មានសល់ដោយសារតែម្ចាស់ផ្ទះដុតធូបចោលនៅលើហឹង ភ្លេចពន្លត់បង្កឱ្យមានការឆាបឆេះ និងធ្វើឱ្យកើតមានការផ្អើលឆេឡោឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅចំណុច ភូមិបឹងចែង ឃុំស្នឹង ស្រុកបាណន់។

យោងតាមរបាយការណ៍សមត្ថកិច្ចបានឱ្យដឹងថា លំនៅដ្ឋានដែលត្រូវភ្លើងឆេះគ្មានសល់នោះ ធ្វើពីឈើប្រក់ស័ង្កសីទំហំ៥ម៉ែត្រគុណនឹង៦ម៉ែត្រ មានម្ចាស់ឈ្មោះសន នី ភេទប្រុស អាយុ៦២ឆ្នាំ។ លំនៅដ្ឋាននេះត្រូវបានភ្លើងឆាបឆេះអស់ទាំងស្រុងតែម្តង ដែលគេសង្ស័យជាបឋមថា អាចបណ្តាលមកពីភ្លើងធូបដែលម្ចាស់ដុតសែននៅក្នុងផ្ទះ ព្រោះជាថ្ងៃសីល។

តាមការបំភ្លឺពីម្ចាស់ផ្ទះរងគ្រោះខាងលើ បានប្រាប់ថា នៅមុនពេលកើតហេតុគាត់បានដុតធូបចោលនៅលើហឹងខាងក្នុងផ្ទះ ហើយទំនងជាមកពីភ្លើងធូបនោះហើយ ទើបបង្កជាអគ្គិភ័យឆេះផ្ទះគាត់អស់គ្មានសល់បែបនេះ។
ជនរងគ្រោះជាម្ចាស់ផ្ទះ បញ្ជាក់ថា ទ្រព្យសម្បត្តិដែលខូចខាតដោយសារគ្រោះអគ្គិភ័យខាងលើ រួមមាន គោយន្តកន្ត្រៃ១គ្រឿង លុយ ចំនួន៣លាន៨សែនរៀល រួមទាំងសម្ភារនៅក្នុងផ្ទះជាច្រើនទៀតដែលគាត់មិនអាចរំដោះបានឡើយ។

សមត្ថកិច្ចបានប្រាប់ថា លំនៅដ្ឋាននេះត្រួវភ្លើងឆេះអស់ទាំងស្រុងដែលគ្មានរថយន្តពន្លត់អគ្គិភ័យ ឬអ្នកភូមិជួយបាញ់ទឹកពន្លត់បានឡើយ៕