ភ្នំពេញ ៖ ទារិកាម្នាក់ទើបនឹងមានវ័យប្រមាណ២ខែ ត្រូវបានជនមិនស្គាល់មុខ (សង្ស័យឪពុកម្តាយ) យកមកប្លុងចោលនៅច្រកផ្លូវឌឿងហែម១កន្លែង ក្បែររោងកុនហែមជាតិ លុះទារិការូបនោះស្រែកយំដោយការស្រេកឃ្លាន ទើបមានប្រជាពលរដ្ឋប្រទះឃើញផ្អើលឆោឡោរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍ភ្លាមៗ។

ករណីប្រទះឃើញទារិកាដែលត្រូវគេយកមកប្លុងចោលគួរឱ្យសង្វេគនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវ១៣០ នៅចំណុចរោងកុនហែមជាតិ ស្ថិតនៅក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ។
តាមសម្តីបុរសចំណាស់ម្នាក់ឈ្មោះគួច ចុងស៊ីញ អាយុ៥៨ឆ្នាំ ស្នាក់នៅផ្លូវលេខ១១៨ កែងផ្លូវលេខ១៥ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ បានប្រាប់ឱ្យដឹងថា ដំបូងឡើយគាត់បានឮថា មានគេប្រទះឃើញទារិកាតូចមួយដែលម្តាយដាច់ចិត្តយកមកប្លុងទុកចោលនៅក្បែរអតីតរោងកុនហែមជាតិនោះ គាត់ក៏បានមកមើលឃើញគេរុំនឹងសារ៉ុង រួចយកមកប្លុងទុក ចោលគួរអាណិតអាសូរខ្លាំងណាស់។

ភ្លាមៗនោះដែរ គាត់ក៏បានសម្រេចចិត្តទទួលយកទារិកាអភ័ព្វនោះមកចិញ្ចឹម ដោយមានការដឹងឮពីអាជ្ញាធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋក្បែរខាងផងដែរ និងមានសប្បុរសជនមានចិត្តអាណិតអាសូរដល់ទារិកាអភ័ព្វនោះ ពួកគេក៏បានជួយជាថវិកាផ្ទាល់ខ្លួនម្នាក់បន្តិចបន្តួចដើម្បីទិញទឹកដោះគោសម្រាប់ក្មេងបានបៅខ្លះដែរ គ្រាន់ជាការជួយសម្រាលបានខ្លះៗ។

តាមប្រភពខ្លះបានបង្ហើបឱ្យដឹងថា ទារិកាដែលត្រូវម្តាយយកមកប្លុងទុកចោលនោះ គឺជាស្ត្រីវ័យក្មេងយកប្តីជាជនបរទេសរហូតមានកូនពពោះបង្កើតមកហើយ គ្មានលទ្ធភាពចិញ្ចឹម ណាមួយខ្វះឆន្ទៈនិងគ្មានការទទួលខុសត្រូវក្នុងនាមជាម្តាយផង ទើបសម្រេចយកកូនមកប្លុងទុកចោលបែបនេះ។

ក្រោយកើតហេតុ ដោយសារតែពិនិត្យឃើញស្ថានភាពសុខភាពរបស់ទារិការអភ័ព្វខាងលើ មានសភាពខ្សោយផង ទើបសមត្ថកិច្ចបានប្រគល់ឱ្យបុរសវ័យចំណាស់ខាងលើយកទៅធ្វើការព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា៕