ខេត្តកំពង់ចាម ៖ បុរសចិត្តកំណាចឃោរឃៅម្នាក់ដែលធ្លាប់ប្រព្រឹត្តអំពើឃាតកម្មសម្លាប់ប្រពន្ធរបស់ខ្លួន និងត្រូវសមត្ថកិច្ចចាប់បញ្ជូនទៅតុលាការកាត់ទោសជាប់ពន្ធនាគារ ៧ឆ្នាំ ទើបនឹងចេញមកវិញមិនកែចរិតកោងកាច បែរជាខ្លាំងដៃលើសដើមក្រោយពេលផឹកស្រាស្រវឹងជះកំហឹងដាក់កូនខ្លួនឯង រហូតដល់ទាញកាំបិតដេញចាក់បំណងផ្តាច់ជីវិតកូនចោលទៀត លុះសមត្ថកិច្ចចុះទៅអប់រំស្រាប់តែទាញកាំបិតផងពូថៅផងដេញកាប់ទាំងសមត្ថកិច្ចទៀត ទីបំផុតក៏ត្រូវសមត្ថកិច្ចចុះចាប់ខ្លួនញាត់ចូលគុកវិញ។
ករណីអតីតឃាតករសម្លាប់ប្រពន្ធខ្លួនឯងទាញកាំបិតប៉ងផ្តាច់ជីវិតកូនប្រុសទៀតនោះ បានកើតមានការផ្អើលឆោឡោឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ នៅចំណុចភូមិផ្កាយព្រឹក ឃុំមៀន ស្រុកព្រៃឈរ។
ជនរងគ្រោះដែលត្រូវឪពុកបង្កើតទាញកាំបិតដេញកាប់ មានឈ្មោះហ៊ាន់ សុភា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកជនសង្ស័យជាឪពុកមានឈ្មោះលឹម ហេង អាយុ៥០ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជាមួយគ្នា។
តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យខាងលើនេះធ្លាប់ជាប់ពន្ធនាគាររយៈពេល៧ឆ្នាំ នៅឯខេត្តរតនគិរី ពីបទឃាតកម្មសម្លាប់ប្រពន្ធខ្លួនឯង។ នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៨និង០៥នាទីយប់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ជនសង្ស័យឈ្មោះស្រី លឹមហេង បានផឹកស្រាស្រវឹងយ៉ាងខ្លាំងហើយជេរបញ្ចោរនិងបានយកកាំបិតចុង ស្រួចសម្រាប់ចិតត្នោតដេញប៉ុនប៉ងចាក់សម្លាប់កូនប្រុសបង្កើតរបស់ខ្លួន នៅពេលនោះជនរងគ្រោះជាកូនប្រុសបានរត់គេចរួចក៏មកប្តឹងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលមៀន សុំឱ្យជួយធ្វើអន្តរាគមន៍។

ប្រភពដដែលបន្តថា ខណៈនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមៀន ចំនួន៣នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី យឹម សុខុន ជានាយប៉ុស្តិ៍ បានចុះទៅឃាត់និងណែនាំឱ្យជនសង្ស័យឈ្មោះស្រី លឹមហេង បញ្ឈប់សកម្មភាពដើម្បីឱ្យកូនបានចូលសម្រាកក្នុងផ្ទះវិញ។
ស្រាប់តែរំពេចនោះ ជនសង្ស័យឈ្មោះស្រី លឹមហេង បានស្ទុះទៅទាញពូថៅផងកាំបិតផងកាន់ចុះពីលើផ្ទះ ស្ទុះដេញកាប់សមត្ថកិច្ចទាំងកំរោល ដោយដេញបណ្តើរស្រែកគំរាមបណ្តើរថា “អញធ្លាប់សម្លាប់មនុស្សថ្ងៃមុន ថ្ងៃនេះអញចង់សម្លាប់មនុស្សទៀត!”។
ប្រភពខាងលើបញ្ជាក់ថា ខណៈនោះក្រុមសមត្ថកិច្ចបានរត់គេចខ្លួនចុះឡើងៗ ហើយព្រួតគ្នាចាប់ឃាត់ខ្លួនយកពូថៅបាន ទើបឈ្មោះស្រី លឹមហេង បញ្ឈប់សកម្មភាព។
ក្រោយកើតហេតុ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យបញ្ជូនទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ជាមួយវត្ថុតាង ហើយជំនាញបានពិនិត្យជាតិអាកុលមានកម្រិត១.០៤mg/L។
បច្ចុប្បន្នជនសង្ស័យខាងលើបានឃាត់ខ្លួនទុកនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕