ភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋានរាជធានីភ្នំពេញ បានចាប់ឃាត់ខ្លួនបុរសម្នាក់កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ តាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ។ ការឃាត់ខ្លួននេះគឺនៅផ្លូវលេខ១៤៦កែងនឹងផ្លូវលេខ២២១ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានី-ភ្នំពេញ។

ប្រភពពីមន្ត្រីនគរបាលបានឱ្យដឹងថា ជនត្រូវចោទដែលត្រូវសមត្ថកិច្ចចាប់ខ្លួននេះមានឈ្មោះឡាំ ម៉េងហៃ ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់នំប៉ាវ មានលំនៅបច្ចុប្បន្នផ្ទះលេខ៣៦២ ផ្លូវលេខ១៣៨ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ការឃាត់ខ្លួននេះ ប៉ូលិសអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ១២១“០១” ដ.ច.ន ចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ចេញដោយលោកថាន់ ឡេង ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ។
យោងតាមដីការបស់តុលាការ ជននេះត្រូវចោទប្រកាន់ពីបទធ្វើឱ្យខូចខាតដោយចេតនាប្រព្រឹត្តនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨-២៩ ខែកញ្ញា ឆ្នាំ២០១៧ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤១០ នៃក្រមព្រហ្មទណ្ឌ។

ដោយយល់ឃើញថា ជនត្រូវចោទត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យពីបទធ្វើឱ្យខូចខាតដោយចេតនា ដែលត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ តែជនត្រូវចោទបានគេចខ្លួនចាប់តាំងពីពេលប្រព្រឹត្តបទល្មើសរួច ទើបសម្រេចឱ្យចាប់ខ្លួនឈ្មោះឡាំ ម៉េងហៃ ដែលមានសាវតារជាតិដូចខាងលើ ប្រគល់ឱ្យសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។
ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនជនត្រូវចោទទៅកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌ ដើម្បីរៀបចំសំណុំបែបបទបញ្ជូនទៅឱ្យសាលាដំបូងចាត់ការបន្តតាមនីតិវិធី៕