Monday, November 24, 2025
Homeព័ត៌មានជាតិប្តីថារំខានណាស់... ស្រាប់តែប្រពន្ធឈឺចិត្តស្អិតទ្រូង

ប្តីថារំខានណាស់… ស្រាប់តែប្រពន្ធឈឺចិត្តស្អិតទ្រូង

ខេត្តកណ្តាល ៖ ស្ត្រីម្នាក់ត្រូវបានក្រុមគ្រួសារអះអាងថាជាមនុស្សចូលចិត្តផឹកស្រាខ្លាំងណាស់ និងចេះតែរករឿងឈ្លោះប្រកែកជាមួយប្តី រហូតដល់គិតខ្លីធ្លាប់លេបថ្នាំសម្លាប់ខ្លួនម្តងរួចមកហើយ តែមិនបានសម្រេច ត្រូវប្តីជួយទាន់ ស្រាប់តែចុងក្រោយគ្រាន់តែទាស់សម្តីជាមួយប្តីក៏ឈឺចិត្តស្អិតទ្រូងចងកសម្លាប់ខ្លួន បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម។

ករណីចងកធ្វើអត្តឃាតខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ដេកក្រោមផ្ទះរបស់ស្ត្រីរងគ្រោះ ស្ថិតនៅភូមិពពាលខែ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ។

ស្ត្រីគិតខ្លីដែលចងកសម្លាប់ខ្លួនមានឈ្មោះ យិន ចាន់ថន អាយុ៣២ឆ្នាំ មុខរបរកសិករ មានប្តីឈ្មោះគិន ដេត អាយុ៣៨ឆ្នាំ និងមានកូនរស់នៅក្នុងបន្ទុកចំនួន៣នាក់។ ក្រុមគ្រួសារមួយនេះមានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសម្តីបុរសជាប្តីរបស់ស្ត្រីរងគ្រោះខាងលើ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ខណៈដែលគាត់កំពុងដេកនៅលើគ្រែខាងក្រៅផ្ទះ ពេលនោះប្រពន្ធ (ស្ត្រីរងគ្រោះ) ក៏បានមកដាស់គាត់ឱ្យចេញទៅរកត្រី តែគាត់មិនព្រមទៅ ព្រោះមេឃកំពុងរកភ្លៀង ពេលនោះប្រពន្ធក៏បានចូលទៅក្នុងបន្ទប់ដេកវិញបាត់ទៅ។

បន្ទាប់មកគាត់ក៏បានចូលទៅបោសសំអាតពិតាននៅក្នុងបន្ទប់ដេក ស្រាប់តែពេលគាត់កំពុងសំអាតនោះ ប្រពន្ធបានក្រោកពីដេកហើយខឹងគាត់យ៉ាងខ្លាំង និងបានបោះសម្តីខ្លាំងៗដាក់គាត់ជាប្តីថា មកបោសអីពេលនេះរំខានណាស់ រួចក៏ធ្វើឱ្យកើតមានជម្លោះពាក្យសម្តីនឹងគ្នាបន្តិចបន្តួចទៅ។

បុរសជាប្តីបន្តថា ក្រោយពីទាស់សម្តីជាមួយប្រពន្ធរួច គាត់ក៏បានទាញម៉ូតូជិះចេញទៅផ្ទះម្តាយបាត់ទៅ រហូតដល់វេលាម៉ោង៥ និង៣០នាទីល្ងាចថ្ងៃដដែល ទើបត្រឡប់មកវិញ។ លុះពេលមកដល់ផ្ទះឃើញទ្វាររបងចាក់សោពីខាងក្នុងជាប់ ក៏ស្រែកហៅប្រពន្ធ តែមិនឮឆ្លើយសោះ ដោយមានការសង្ស័យ គាត់ក៏បានផ្លោះរបងចូលទៅក្នុងផ្ទះ ស្រាប់តែឃើញប្រពន្ធចងកនៅនឹងធ្នឹមផ្ទះកន្លែងគ្រែដេកបាត់ទៅហើយ ទើបស្ទុះទៅលើកប្រពន្ធទំលាក់ចុះមកក្រោម រួចស្រែកប្រាប់អ្នកជិតខាងដើម្បីមកជួយសង្គ្រោះ តែអកុសលប្រពន្ធរបស់គាត់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ បានត្រឹមរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យប៉ុណ្ណោះ។

ក្រោយទទួលបានព័ត៌មានខាងលើ កម្លាំងប៉ុស្តិ៍សហការជាមួយកម្លាំងជំនាញ អាជ្ញាធរមូលដ្ឋាន គ្រូពេទ្យឃុំ បានចុះដល់កន្លែងកើតហេតុដើម្បីពិនិត្យនិងធ្វើកោសល្យវិច្ច័យសព រួចបញ្ជាក់ថា ស្ត្រីរងគ្រោះ ពិតជាបានចងកសម្លាប់ខ្លួនប្រាកដមែន ដោយប្រើសារ៉ុងពណ៌ក្រហម ផ្កាលឿង ហែកជា២ចងកជាប់នឹងធ្នឹមផ្ទះកំពស់២ម៉ែត្រពីគ្រែដេក និងមានស្នាមជាំត្រង់ក បែកបំពង់ក និងគ្មានស្លាកស្នាមអ្វីផ្សេងទៀតទេ។

ជនរងគ្រោះជាមនុស្សចូលចិត្តផឹកស្រាជាប្រចាំ ហើយកន្លងមកធ្លាប់បានលេបថ្នាំប៉ុនប៉ងសម្លាប់ខ្លួនម្តងរួចមកហើយ តែមិនបានសម្រេច។

សាកសពស្ត្រីរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យបុរសជាប្តី ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES