ភ្នំពេញ ៖ បុរសម្នាក់បានស្គាល់រាប់អានបុរសម្នាក់តាមរយៈការលេងហ្គេមអនឡាញ និងឆាតតាមហ្វេសប៊ុក លុះមិនបានប៉ុន្មានផងក៏ត្រូវមិត្តភក្តិជើងបោកប្រើល្បិចសុំខ្ចីម៉ូតូជិះទៅរកទិញសាច់គោដុតយកមកក្លែម ស្រាប់តែយកម៉ូតូទៅបញ្ចាំបានលុយយកទៅលេងល្បែងចាញ់អស់គ្មានសល់។
ទីបំផុតម្ចាស់ម៉ូតូតាមរកមុខឃើញ ក៏ប្តឹងសមត្ថកិច្ចចាប់ឃាត់ខ្លួនកាលពីម៉ោង៩យប់ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវបេតុង នៅចំណុចផ្លូវចូលភោជនីយដ្ឋានបុប្ផារាជធានី ស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ។
ជនរងគ្រោះជាម្ចាស់ម៉ូតូ មានឈ្មោះនិន គឹមហួរ ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅសង្កាត់ ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ។

ចំណែកជនសង្ស័យឈ្មោះឡេង វ៉ាល់ហួរ ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ។ រីឯម៉ូតូដែលខ្ចីទៅបញ្ចាំបាត់នោះ ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨។
តាមប្រភពពីជនរងគ្រោះ បានឱ្យដឹងថា រវាងគាត់និងជនសង្ស័យទើបនឹងស្គាល់គ្នាប៉ុណ្ណោះ តាមរយៈការលេងហ្គេមអ៊ីនធើរណេតនិងលេងហ្វេសប៊ុក។ លុះមកដល់ថ្ងៃកើតហេតុជនសង្ស័យបានខ្ចីម៉ូតូរបស់គាត់ ម៉ាកហុងដាឌ្រីមជិះ ដោយថា ជិះទៅទិញគោដុតយកមកក្លែម ប៉ុន្តែជននោះចេញទៅតាំងពីម៉ោង៦ល្ងាចជាង រហូតដល់ម៉ោងកើតហេតុគឺបាត់ជាង១ម៉ោងកន្លះទៅ២ម៉ោងទៅហើយ ក៏មិនឃើញមកវិញទើបគាត់ហៅម្តាយបង្កើតឱ្យជួយដើររក។

ប្រភពដដែលបន្តថា ក្រោយមកបងប្អូនរបស់ជនរងគ្រោះក៏តេទៅគំរាមជនសង្ស័យថា ប្រញាប់យកម៉ូតូឱ្យជនរងគ្រោះវិញ បើសិនជាមិនយកឱ្យទេគាត់នឹងតេទៅប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនតែម្តង។ ខណៈនោះជនសង្ស័យភ័យស្លន់ស្លោក៏ឱ្យជនរងគ្រោះមកជួបនៅឃ្លាំងរំសេវ។

ប្រភពដដែលបន្តទៀតថា ប៉ុន្តែមុនពេលជនសង្ស័យណាត់ជួបជនរងគ្រោះនោះ គឺជនសង្ស័យបានយកម៉ូតូបញ្ចាំបាត់ទៅហើយ ដោយមិនបានប្រើអត្តសញ្ញាណប័ណ្ណនោះទេ ក្នុងតម្លៃ៣០០ដុល្លារ រួចជនសង្ស័យក៏យកលុយនោះទៅលេងហ្គេមបាញ់ត្រី និងលោះយកទូរស័ព្ទដៃចំនួន៨០ដុល្លារមកវិញ។ ខណៈពេលនោះសាច់ញាតិរបស់ជនរងគ្រោះមកដល់ ឃើញបែបនេះក៏ឃាត់ខ្លួនជនសង្ស័យយកទៅប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែ១ ដើម្បីចាត់ការទៅតាមនីតិវិធីតែម្តង។

ក្រោយពេលកើតហេតុ ជនសង្ស័យខាងលើនេះត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួននិងកសាងសំណុំរឿងបពាន្ជូខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ ដើម្បីចាត់ការបន្តតាមនីតិវិធី៕