ភ្នំពេញ ៖ យុវតីម្នាក់បានបាត់ខ្លួនចេញពីផ្ទះអស់រយៈពេល៦ថ្ងៃមកហើយ ធ្វើឪពុកម្តាយភ័យបារម្ភប្រឹងដើរតាមរកគ្រប់សព្វកន្លែងស្ទើរដាច់បាយក្រហាយទឹក តែរកមិនឃើញសោះ ទើបសុំអ្នកសារព័ត៌មានជួយផ្សព្វផ្សាយតាមរក ព្រោះសង្ស័យថាកូនស្រីរត់តាមសង្សារ ស្រាប់តែកូនស្រីបានស្តាប់ឮដំណឹងហើយក៏ឆាតមកប្រាប់ម្តាយថា នាងមិនបានរត់តាមប្រុសទេមិនបាច់តាមរកនាងទេ តែបើនៅតែរញ៉េរញ៉ៃ ផ្សាយដំណឹងរកនាងទៀតនោះ នាងនឹងចងកសម្លាប់ខ្លួនមិនខាន។

ករណីកូនស្រីបាត់ខ្លួននេះបានកើតមានការភ្ញាក់ផ្អើលឡើង តាំងពីរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩មកម៉្លេះ ខណៈដែលយុវតីរូបនោះបានចេញទៅរៀនកួរនៅវិទ្យាល័យព្រែកសណ្តែក។ លុះមកដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ពោលគឺ៦ថ្ងៃក្រោយមកស្រាប់តែឪពុកម្តាយបានទទួលដំណឹងពីកូនស្រីតាមរយៈឆាត ដោយគំរាមមិនឱ្យតាមរកនាងទៀតទេ ពុំនោះទេនាងនឹងចងកសម្លាប់ខ្លួនហើយ។

តាមសំដីរបស់ឪពុកម្តាយយុវតីដែលបាត់ខ្លួនបានរៀបរាប់ប្រាប់ថា តាំងពីកូនស្រីបាត់ខ្លួនមកពួកគាត់ជាឪពុកម្តាយមានការព្រួយបារម្ភខ្លាំងណាស់បាយក៏មិនបានសម្រាន្តក៏មិនលក់ នឹកកូនគ្រប់ពេល។ ហើយចាប់តាំងពីថ្ងៃដែលកូនស្រីបានបាត់ខ្លួនគាត់បានទទួលដំណឹងម្តងដែរថា នាងសុខសប្បាយជាទេ តែគាត់ពុំជឿ ព្រោះកូនស្រីមិនបានប្រាប់ទីកន្លែងស្នាក់នៅឱ្យដឹងនោះទេនិងមូលហេតុដែលរត់ចេញពីផ្ទះដែរ។
ប្រភពដដែលបន្តថា ដោយសារអស់លទ្ធភាពតាមរកកូនស្រីទៀត ទើបគាត់បានស្នើសុំឱ្យខាងអ្នកសារព័ត៌មាន ជួយផ្សព្វផ្សាយរកកូនស្រីឱ្យត្រឡប់មកផ្ទះវិញ ឪពុកម្តាយកំពុងទន្ទឹងរង់ចាំហើយបើកូនស្រីទៅជាមួយសង្សារ សូមឱ្យកូនត្រឡប់មកវិញឪពុកម្តាយនឹងរៀបការឱ្យតាមប្រពៃណី តែបើទៅជាមួយអ្នកផ្សេង សូមឱ្យកូនត្រឡប់មកវិញមក ព្រោះខ្លាចកូនចាញ់បោកជនខិលខូចគេអាចយកកូនទៅលក់បាន ហើយខូចអនាគតទៀតផង។

ប្រភពខាងលើ បានបញ្ជាក់ថា ស្រាប់តែមកដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ក្រោយពេលកូនស្រីបានទទួលដំណឹងខាងលើហើយ ស្រាប់តែប្រើសម្តីមិនសមគួរធ្វើឱ្យឪពុកម្តាយមានការខកចិត្តជាខ្លាំង ស្ទើរតែគាំងបេះដូងស្លាប់។

ដោយកូនស្រីបានផ្ញើសារជាសំឡេងថា មិនបាច់តាមរកនាងទេ នាងមិនអីទេនាងថា បើនៅតែបន្តបង្ហោះរញ៉េរញ៉ៃទៀត នាងនឹងចងកសម្លាប់ខ្លួន ខ្លាចមិនបានល្បីមែន? នាងថានាងមិនបានរត់តាមប្រុសអីនោះទេ ហើយបើនៅតែមានការ្តផ្សព្វផ្សាយដំណឹង តាមរកនាងទៀត នាងនឹងចងកសម្លាប់ខ្លួនមិនខាន៕