ភ្នំពេញ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចក្រសួងមហាផ្ទៃ ធ្វើការឃាត់ខ្លួនបន្ទាប់ពីបុរសរូបនេះថ្លើមធំហ៊ានយករូបថតមេធាវីសម្តេចហ៊ុន សែន ទៅបង្កើតហ្វេសប៊ុកដើម្បីបោកប្រាស់អ្នកដទៃ រហូតមានអ្នកខ្លះបានចោទទម្លាក់កំហុសលើលោកមេធាវីដោយមិនដឹងមូលហេតុ។
ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ជនសង្ស័យ ឈ្មោះ នួន វ៉ា ភេទប្រុស អាយុ៣២ឆ្នាំ។

ឯកឧត្តមឧត្តមសេនីយ៍បានបន្តថា ក្នុងប្រតិបត្តការណ៍នេះគឺក្រោមការដឹកនាំរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងមានការសម្របសម្រួលពីព្រះរាជរងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០១៩ បានឃាត់ខ្លួនត្រង់ចំណុចផ្លូវឌួងងៀប៣ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយគ្រោងបញ្ជូនទៅកាតន់តុលាការនៅថ្ងៃទិ១៥ ខែសីហា ឆ្នាំ២០១៩នេះ។
ឯកឧត្តមឧត្តមសេនីយ៍បានបន្តទៀតថា កាលពីពេលកន្លងមក នាពេលកន្លងទៅ ជនសង្ស័យរូបនេះបានលួចរូបថតលោកមេធាវី ចៅ ប៊ុនហួន មេធាវីស្ម័គ្រចិត្តតេជោសែន យកទៅបង្កើតគណនីហ្វេសប៊ុកដើម្បីបោកប្រាស់អ្នកដទៃ រហូតដល់មានគណនីហ្វេសប៊ុកឈ្មោះ Chumteav Kolsokhom Tevi បានបង្ហោះរូបលោកមេធាវី និងសារមួយចំនួនទម្លាក់កំហុស មកលើលោកមេធាវីដោយមិនដឹងមូលហេតុថែមទៀត។

ជាចុងក្រោយ ឯកឧត្តមឧត្តមសេនីយ៍ឯក ជា ពៅ បានថ្លែងដាស់តឿនក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ដែលប្រើប្រាស់បណ្តាញសង្គមឲ្យមានការប្រុងប្រយ័ត្ន ចៀសវាងការចាញ់បោក នាំឲ្យបាត់បង់កិត្តិយស សេចក្តីថ្លៃថ្នូរ និងទ្រព្យសម្បត្តិផ្ទាល់ខ្លួន ៕